ទី១. សម្តេចមិនទុកចិត្ត សាយ ឈុំ អ្នកយាមទ្វារយូរហើយ ប៉ុន្តែខ្លួនជាអនុប្រធានមិនអាចអារកាត់បាន។ សាយ ឈុំ ជាសេនាដៃឆ្វេងរបស់ លោក ជា ស៊ីម។ ដៃស្តាំ គឺក្រឡាហោម។ ពេលសម្តេចឡើងធ្វើប្រធានបក្ស គឺជាពេលវេលាល្អ ដែលដក់ឬសគល់ សាយ ឈុំ ចេញពីបក្ស ដើម្បីខ្លួនជាប្រធានអាចប្រមូលផ្តុំអំណាច គ៨៥ អោយមូលក្នុងដៃម្នាក់ឯង។ ដោយយកលេសថាកិច្ចការព្រឹទ្ធសភារវល់ខ្លាំង ដូច្នេះតម្រូវអោយលោក ជំទាវ ម៉ែន សំអន ទៅជា អ្នកយាមទ្វារប្រចាំការ នៅ គ៨៥។ ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកយាមទ្វារប្រចាំការថ្មីនេះ មិនចេះកិច្ចការរដ្ឋបាល ការងារគ្រប់គ្រងមនុស្ស និងផែនការផ្ទៃក្នុងបក្សទេ។ នេះជាចំណុចចាប់ផ្តើមនៃចន្លោះបញ្ហា។ សម្រាប់សម្តេច គឺជារឿងល្អដែលបានអំណាចមូល ប៉ុន្តែសម្រាប់គណបក្ស គឺចាប់ផ្តើមមានបញ្ហា ទាំងការគ្រប់គ្រងកម្លាំង និងការបញ្ជាកម្លាំងផ្ទៃក្នុង ក៏ដូចជាការបែងចែកកម្លាំង និងយុទ្ធសាស្ត្រកសាងគណបក្ស។ បញ្ហាទាំងវិធី បញ្ហាទាំងយុទ្ធសាស្ត្រ។
ទី២.ការរៀបចំកម្លាំងក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧របស់ គ៨៥ គឺដូចជាគ្រាប់បែកកំណត់ម៉ោង។ អ្នកឈឺចិត្ត ស្អិតទ្រូងនៅមូលដ្ឋានជាច្រើន ស្ទើរតែផ្ទុះបែកទ្រូងស្លាប់ហើយ នឹងអំពើអយុត្តិធម៌ផ្ទៃក្នុងគណបក្ស ។ អយុត្តិធម៌ ពីព្រោះបក្សបញ្ជាអោយសកម្មជនទៅបោះឆ្នោតរើសសមាសភាពបេក្ខជនក្រុមប្រឹក្សា តែបោះហើយ វិចបង្វិចឆ្នោតយកមករាប់នៅមន្ទីបក្សស្រុក បក្សខេត្តទៅវិញ។ នេះគឺការបន្លំភ្នែកសកម្មជន ដោយបោះពីក្រោម តែរៀបលេខបញ្ជីពីលើ។ ដូច្នេះអ្នកគ្មានលុយ គ្មានខ្សែ គ្មានខ្នងក្នុងជួរបក្សឃុំ បក្សស្រុក នៅតែទទួលរងអំពើអយុត្តិធម៌ធ្ងន់ធ្ងរ។ លទ្ធផល២០១៣ បង្ហាញថា គ៨៥ ធ្លាក់អស់ឃុំសង្កាត់ជាច្រើន ចំនែកស្ថានភាព២០១៧កាន់តែលំបាក។ ថ្ងៃកាន់តែក្តៅ ទឹកកាន់តែរីង ទឹកតូច ចំណីតិច មើលទៅសូម្បីតែ ត្រីចាស់ ត្រីអត់ធ្មេញ់ ឬត្រីសុំសីល ក៏ត្រូវសំលៀងធ្មេញ បោលបុករកទឹក យកចំណីដែរ។ ដូច្នេះមូលដ្ឋាន ឃុំសង្កាត់ គ៨៥ នឹងបែកបាក់នៅក្រោយលទ្ធផលឆ្នោតឆ្នាំ២០១៧។
ទី៣. ដោយមើលឃើញថា កម្លាំងរបស់ខ្លួនស្រុតចុះកាន់តែខ្លាំង មេទ័ពជំរុំទេវតា បានប្រជុំសម្ងាត់ជាមួយក្បាលអចិន្ត្រៃយ៍ គ៨៥ ហើយដាក់ផែនការវៃសង្គ្រោះជាតិគ្រប់វិធី រស់តែមិនខ្លាំង ខ្សោយតែមិនងាប់ ដើម្បីគ្រាន់តែទុកបង្គ្រប់កិច្ច។ លោកមេទ័ពបានសួរថា “តើមានអ្នកណាមិនគាំទ្រគំនិតរបស់ខ្ញុំទេ?” គ្មានអ្នកណាម្នាក់ ហ៊ានថាទេនោះឡើយ។ គ្រប់វិធីនេះ គឺប្រហែលសំដៅដល់អាយុជីវិតរបស់មេដឹកនាំធំៗរបស់គណបក្សប្រឆាំង។ នេះជាសភាពធ្ងន់ធ្ងរ ប៉ុន្តែហេតុអីគ្មានអ្នកតវ៉ា។ តាមត្រង់ គឺមានអ្នកតវ៉ា អ្នកមិនពេញចិត្ត ហើយប្រហែលគ្មានអ្នកណាមិនសប្បាយចិត្តជាងអតីតអ្នកយាមទ្វារ និងក្រឡាហោមទេ។ គិតមកទល់នឹងពេលនេះ ថ្វីត្បិតតែមិនទាន់ច្បាស់ពីផ្លូវដែលត្រូវជ្រើសរើសដើរនៅឆ្នាំ២០១៨ក៏ដោយ ក៏មន្ត្រីធំៗនិងអ្នកជំនួញឧកញ្ញ៉ាភាគច្រើន បានត្រៀមបង្វិច និងដឹងក្នុងចិត្តរួចទៅហើយ ចំពោះផ្លូវដែលមានតែពីរប៉ុណ្ណោះ។ តែពីពេលនេះ រហូតដល់ខែ មិថុនា២០១៧ បិសាចឬខ្មោច មនុស្សឬទវេតា សុទ្ធតែមើលមិនដឹងក្នុងចំនោមជំរុំ គ៨៥។ ពួកគេសុទ្ធតែរងចាំមើលលទ្ធផលឃុំសង្កាត់យ៉ាងស្ងៀមស្ងាត់។ អ្វីដែលច្បាស់នោះ គឺក្នុងបង្វិចពួកគេ សុទ្ធតែមានលាក់កាំបិតស្នៀត។ បើស្ថានភាព២០១៧ ដូចទឹកបាក់ទំនប់ហើយ ក្នុងចំនោមពួកគេ ច្បាស់ជាមានអ្នកដកកាំបិតស្នៀតចាត់ការមេទ័ពខ្លួនឯងក្នុងជំរុំមិនខាន។ លោកមេទ័ពក៏មើលឃើញចំនុចនេះ ទើបត្រូវដូរអ្នកយាមទ្វារ និងកែសម្រួលគណៈកម្មាធិកាកណ្តាល ដាក់បញ្ចូលក្មេងៗ និងមេទ័ព មេនគរបាល។
ទី៤. នៅពេល ជា ស៊ីម នៅរស់។ នៅពេល សាយ ឈុំ នៅធ្វើជាអ្នកយាមទ្វារពេញសិទ្ធពេញអំណាចនោះ។ យ៉ាងណាក៏ដោយ ក្នុងកាលៈទេសលៈណាក៏ដោយ កាលណា គ៨៥ ចេញជាគោលនយោបាយ បក្សហើយ គឺបន្ទាត់នយោបាយបក្សមិនផ្លាស់ប្តូរទេ ហើយនៅពេលផ្លាស់ប្តូរបន្ទាត់ម្តងៗ សម្តេច ជា ស៊ីម តែងតែប្រមូលគំនិតទាំងមូលក្នុងបក្ស ហើយដាក់អោយអ្នកយាមទ្វារគាត់ អនុវត្តយ៉ាងប្រុងប្រយ័ត្នជា យុទ្ធសាស្ត្រ។ ប៉ុន្តែចាប់ពីថ្ងៃសម្តេច ជា ស៊ីម ទៅបាត់។ គ្រប់កិច្ចការផ្ទៃក្នុងបក្ស គឺជាបញ្ជាដាច់ខាត បែបទាហាន មិនមែនការប្រឹក្សាយោបល់ឡើយ មេទ័ពថ្មីនៃជំរុំនេះ បញ្ជាតែម្នាក់ឯង សម្រេចម្នាក់ឯង បត់បែនបន្ទាត់នយោបាយស្រេចចិត្តនឹកឃើញតាមអារម្មណ៍ ដែលធ្វើអោយឧបរាជ មន្ត្រី ឧត្តមសេនីយ៍ មិនពេញចិត្ត។ អ្វីដែលរិតតែធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្ត ខឹងសម្បារខ្លាំងនោះគឺ ពីមួយជំហាន ទៅមួយជំហាន ក្រោមការដឹកនាំរបស់មេទ័ពថ្មី គឺធ្វើអោយបក្សធ្លាក់ចុះប្រជាប្រិយភាព ព្រោះតែការធ្វើតាមអារម្មណ៍នយោបាយបុគ្គលនិយម ដែលធ្វើអោយជំរុំទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់កាន់តែជ្រៅទៅៗ។ ឧ. ការផ្លាស់ប្តូរនយោបាយពីទីក្រុងដាវ៉ូសប្រទេសស្វីសរឿងចចារ គឺបានធ្វើអោយនាយករដ្ឋមន្ត្រីស្តីទីក្នុងនគរ ឯណេះក្តៅមិនស្ទើរ បាក់មុខមិនតិចឡើយ។ ហើយការលុប ៤៨ថ្មី(៣) នៃបទបញ្ជាផ្ទៃក្នុងសភា ក៏ធ្វើអោយជំរុំទេវតាខាតមិនស្ទើរដែរ។
ទី៥. ដោយបរាជ័យក្នុងការលួងលោមអោយលោក កឹម សុខា ចុះហត្ថលេខាលើលិខិត ដែល លោក សយ សុភាព ព្រាងដើម្បីដេញបុគ្គលណាម្នាក់ ដែលហ៊ានរិះគន់ប្រមាថមើលងាយក្រុមគ្រួសារទី១ ចេញពីបក្សនោះ។ ឥលូវក្រុមដែលបម្រុងទុកក្នុងជំរុំព្រះអាទិត្យ ដើម្បីអោយចេញមកចង្អុលមុខ សម រង្ស៊ី ថាជាអ្នកផ្តើម ជេរប្រមាថគ្រួសារទី១ ដើម្បីអោយ លោក កឹម សុខា ដេញលោក សម រង្ស៊ី ពីបក្សនោះ ក៏បែរជាអនុវត្តផែនការថ្មី គឺដកកម្ចាត់ចោលនូវចន្ទុលចុងក្រោយក្នុងជំរុំព្រះអាទិត្យ ដោយពត៌មានចិត្តសាស្ត្ររឿងក្រោម ក្បាលខ្សែក្រវ៉ាត់ នៃគណនីអនាមិកមួយ ដែលធ្វើការងារផ្សាយជាប្រព័ន្ធ បង្កើតថ្ងៃទី២២មករា ហើយរុញចេញពត៌មានចចាមអារ៉ាមមួយថ្ងៃមួយ។ បើប្រើកម្លាំងខាងក្រៅ ឬការលេច់ធ្លាយពីប្រភពក្រៅ គឺវាដូចជាច្រំដែលពេក ហេតុនេះបានជាលើកនេះ ប្រើប្រាស់រូបភាពដង្កូវចេញពីក្នុងសាច់វិញម្តង ហើយបុគ្គលនេះ ថែមទាំងមានទឹកដៃក្នុងការនិពន្ធរឿងសិចសាស្ត្រ និងតណ្ណាសាស្ត្រយ៉ាងប៉ិចប្រសប់ គួរអោយសសើរ ប្រហែលជាអតីតអ្នកនិពន្ធរឿងចុះផ្សាយក្នុងទស្សនាវដ្តីជំទង់ស្ទាវ ក្មេងចាស់ អង្គរតូចអង្គរធំ ដែលលោក ជំទាវធំបញ្ជាអោយបិទកាលពីប៉ុន្មានឆ្នាំកន្លងទៅហើយ តាមមើល។ បានការងារថ្មីហើយ ជួយអបអរសាទរផងល្បង។
ទី៦. កំហុសធំដែលជាចំណុចខ្សោយ និងជាចន្លោះប្រហោង ក្នុងយុទ្ធសាស្ត្រប្រយុទ្ធដើម្បីការពារ គឺគិតតែ ពីវៃប្រហារដៃគូរខ្លួនឯង ប៉ុន្តែបន្សល់ទុកចំណុចខ្សោយជាច្រើន, ធ្វើអោយសាបឥទ្ធិពលព្រោះដដែលៗ, ធ្វើអោយដៃគូរមើលឃើញចន្លោះ, ក្លាយជារឿងកំប្លែងនិងសំណើចចុងសប្តាហ៍, លើសពីនេះទៀតនោះ គឺមិនបានចំណាយកម្លាំង ធនធាន ប្រាជ្ញាស្មារតី ក្នុងការគិតគូរយុទ្ធសាស្ត្រការពារ និងកសាងជំរុំខ្លួនឯង។ ប៉ុន្តែវាពិតជាពិបាក ចំពោះមេទ័ព ដែលមានសារជាតិប្រយុទ្ធ ដឹងតែពីវៃ មិនស៊ូវចេះក្បួនការពារ និងកសាងទេ។ ក្បួននេះជោគជ័យ នៅពេលដៃគូរប្រយុទ្ធខ្សោយ ហើយបែកបាក់ ប៉ុន្តែនៅពេលដៃគូរប្រយុទ្ធរួមគ្នា និងកម្លាំងឡើងខ្លាំងហើយ នៅតែបើកក្តោងប្រយុទ្ធទៀត គឺមានតែបាក់ក្តោង ឬក៏ថាបើទោះបីឈ្នះសមរភូមិតូចតាចមួយពីរ ប៉ុន្តែសង្គ្រាមធំច្បាស់ជាសល់តែខោខ្លី។ សង្គ្រាមធំ២០១៨មិនទាន់ចាប់ផ្តើមផង ហេតុអីការប្រយុទ្ធចាប់ផ្តើមក្តៅខ្លាំង យ៉ាងនេះ។ តាមពិតសង្គ្រាមធំ មិនមែន២០១៨ទេ តែគឺ ២០១៧ នេះតែម្តង។ ជំរុំទេវតាធ្លាក់ឃុំសង្កាត់ត្រឹមតែ ៥០% ក៏ដោយ គឺស្មើនឹងការចាញ់សង្គ្រាមធំបាត់ហើយ មានចាំបាច់ត្រៀមស្បៀង ត្រៀមសេះចម្បាំងស្អីទៀត។ មូលហេតុនេះហើយ បានជំរុំទេវតាត្រូវបញ្ចេញគ្រប់វិធី វៃប្រយុទ្ធយកងាប់យករស់នៅឆ្នាំ ២០១៧នេះតែម្តង (បើមិនជឿទៅមើលគោលនយោបាយឃុំសង្កាត់ ១៣ចំណុចទៅ គឺប្រមូលទាំងអស់ចាក់កៅឪមួយរន្ធតែម្តង។ បើឈ្នះធ្វើសេដ្ឋី តែបើចាញ់ស៊ីសៀង។) ជាពិសេសគឺការវៃផ្តាច់ចន្ទុលជំរុំព្រះអាទិត្យ ដើម្បីកេញពេលវេលា និងរាំងស្ទះដំណើររៀបចំកម្លាំងមូលដ្ឋាន។ សង្គ្រាមជិតមកដល់ បើរើសទាហានមិនបាន បង្ហាត់ទាហានមិនទាន់ ច្បាស់ជាចាញ់សង្គ្រាម។ មេទ័ព១០៥សមរភូមិ យល់ចំណុចនេះច្បាស់ ជាងអ្នកណាទាំងអស់។ ប៉ុន្តែក្បួននេះ អត់រួចដើមទេ។
នេះជាសភាពទាំងមូលនៃស្ថានភាពសង្គ្រាមប្រជាធិបតេយ្យ និងនយោបាយសន្លឹកឆ្នោតនៅកម្ពុជា ពីពេលនេះរហូតដល់ខែមិថុនា២០១៧ ដែលជាជំហានបន្តបន្ទាប់របស់ជំរុំទេវតា។ តាមពិតមានរឿងចំបាច់ សំខាន់ ត្រូវពេល ជាច្រើនដែលជំរុំទេវតាគួរធ្វើ និងត្រូវតែធ្វើ ជាជាងទៅរុកសម្បុកឪម៉ាល់ នាំតែហើមមុខខ្លួនឯង អត់ប្រយោជន៍ ប៉ុន្តែអំនួតសម្តេចពិតជាធំមែន។
សូរ សមយុទ្ធ
កំពង់ឆ្នាំង 27/1/2017
