Wednesday, July 27, 2016

អ្នកចងរបា

ខ្ញុំបានទៅចាំទទួលសព លោក កែម ឡី នៅល្ងាចថ្ងៃអាទិត្យទី១០។ ពេល សព ទៅដល់ភ្លាម ប្រជាពលរដ្ឋក៏រោមគ្នាយំសោកសង្រែង ព្រោះនឹកអាណិតស្រណោះអាឡោះអាល័យលោក បណ្ឌិត ដែលពួកគាត់ស្រលាញ់ពេញបេះដូង។ ពេលនោះរោងកំពុងតែរៀប ក្រៅពីនឹងគ្មានអ្វី ទាំងអស់។ ដោយសារតែចង្អៀតពេក ព្រោះគ្មានច្រកចេញ គ្មានច្រកចូល ម្នាក់ៗគិតតែសម្រុក ទៅអោបសព ស្រលាញ់លោកបណ្ឌិត តែម្នាក់ឯង ចង់ទុកតែឯង មិនអោយគេបានដុតធូប បានកាន់ដៃ បានមើលមុខ ផងទេ។
ទាស់ភ្នែកពេក ទាំងព្រះសង្ឃ ទាំងពលរដ្ឋមួយចំនួន បានទាញក្បាលមេក្រូងមកប្រកូក ប្រកាស់ឲ្យឈរជាជួរ មានសណ្តាប់ធ្នាប់ ចូលម្តងមួយ ហើយអំពាវនាវរកអ្នកស្ម័គ្រចិត្តឈរ កាន់ស្រាក់ដៃគ្នាដើម្បីធ្វើជារបាខណ្ឌចែកអ្នកចូលរួម អោយមានរបៀប និងមានចេញ មានចូល។ ប្រកាសក្តី ស្រាក់ដៃក្តី សុទ្ធតែមិនបានផល។ និយាយត្រង់ចុះ ខ្ញុំដឹងថាត្រូវធ្វើ អ្វីជួយអ្វី ប៉ុន្តែខ្ញុំបានឈរមើលសភាពនេះអស់រយៈពេល៣០នាទី។ ទីបំផុត នៅតែមិនឃើញ មានអ្នកផ្តួចផ្តើមធ្វើអ្វីសោះ ឬក៏ធ្វើដែរ តែជាដំណោះស្រាយដែលមិនសមស្រប មិន ជោគជ័យ។ ពេលនោះខ្ញុំក៏សម្រេចចិត្តចូល ទន្ទឹងគ្នានឹង បងប្រុសម្នាក់បាន ជញ្ជូនកូនឬស្សី អំពង់តូចៗ ដែលជាងទុកធ្វើព្រះវិហាសាលាឆ័ន្តក្នុងវត្តចាស់ មកចងធ្វើរបា។ ទាំងអស់គ្នា ប្រហែលឆ្ងល់ហើយថា ខ្ញុំចង់និយាយពីអ្វី។ ចង់អួត ឬចង់អី។ អត់ទេ អ្វីដែលខ្ញុំលើកមកនេះ គឺចង់និយាយរឿងមួយចំនួន៖
ទី១. ខ្ញុំយល់ថាប្រជាជនខ្មែរយើងមានចំនុចល្អជាច្រើន ប៉ុន្តែទីនេះខ្ញុំចង់លើកឡើង ពីអត្តចរិកមិនល្អ មួយចំនួនរបស់ប្រជាជនខ្មែរ ដែលយើងត្រូវនាំគ្នាជួយកែប្រែ។ ពីព្រោះជាតិសាសន៍រឹងមាំ ត្រូវការប្រជាជនខ្លាំងក្លា។ ជាតិសាសន៍ដែលខ្លាំង ត្រូវការធនធាន មនុស្សខ្លាំង។ អត្តចរិកជាតិសាសន៍ ជាចំណុចចាប់ផ្តើម។ ប៉ុន្តែបើយើងយកព្រឹត្តិការណ៍ ការបាញ់សម្លាប់ លោក កែម ឡី មកពិនិត្យមើលឃើញថា ល្អណាស់ដែលខ្មែរដង្ហែរ គ្នារាប់ម៉ឺននាក់ យកសព លោក ទៅវត្ត។ ប៉ុន្តែក៏មានដែរនៅក្នុងពិធីបុណ្យនោះ នូវមានប្រជាជន នៅខ្សោយគំនិតផ្តួចផ្តើម។ ឃើញមនុស្សកកកុញស្ទះចេញចូលមើលសព មិនកើត តែមិនដឹងធ្វើម៉េច។ គ្មានអ្នកផ្តួចផ្តើម លើសពីនេះបើមើលឃើញបញ្ហាហើយ តែមិនស៊ូវមានគំនិតដោះស្រាយបញ្ហា តែពូកែបន្ទោសគេឯង ឬបញ្ចេញគំនិត តែខ្លួនមិនធ្វើ។
ទី២. ស្រលាញ់ហួងហែងតែម្នាក់ឯង មិនចង់ឲ្យអ្នកដទៃណាចូលទៅប៉ះទៅស្គាល់ ទៅមើល មុខសព ហើយខ្វះសាមគ្គីគ្នា ពីព្រោះបើទោះឃើញមានអ្នកផ្តួចផ្តើមគំនិតធ្វើនេះធ្វើនោះ ហើយក៏ដោយ ក៏ពួកគាត់មិនចូលរួមដែរ មែនទែនទៅ វាជាអត្តចរិកអាត្មានិយម អត់សណ្តាប់ និងគ្មានវិន័យ។ ទោះបីជា៣ថ្ងៃបន្ទាប់មក មានបងប្អូនខ្មែរគេតម្រង់ជួរគ្នាយ៉ាងវែងតាំងពី មុខរោងតម្កល់សព មកដល់មាត់ទ្វាវត្ត ហើយឈរចាំរាប់ម៉ោងក៏ដោយ ក៏នៅតែមាន ប្រជាជនជាច្រើនប្រជ្រៀតចូល ពីខាងស្តាំ ពីខាងឆ្វេង ដើម្បីបានទៅគោរពសពមុនគេ។ នៅពេលអ្នករៀបចំឃាត់គាត់។ គាត់ លើកហេតុផលថា ចាំយូរពេក ចុកជើង ប្រញ៉ាប់ទៅវិញ ។ល។ សំនួរសួរថាចុះអ្នកផ្សេងគេ ទម្រង់ជួរ ខ្លះ១ម៉ោង ខ្លះ២ម៉ោង ខ្លះហាលភ្លៀង ខ្លះហាលថ្ងៃ ទម្រាំតែបានចូលទៅ សម្តែងការគោរពសព តើគេមិនចាំ មិនចុក មិនរួយជើង មិនប្រញ៉ាប់ មិនក្តៅ មិនរងា ទេឬ។ ចរិកដែលខ្វះសណ្តាប់ធ្នាប់ ខ្វះវិន័យបែបនេះ និងអាត្មានិយមបែបនេះ កុំថាឡើយទៅរំដោះទឹកដីដែលបាត់មកវិញ ការពារទឹកដីដែលសល់ ប៉ុនសម្បកក្តាមនេះអោយបានសិន ល្អប្រសើរណាស់ទៅហើយ។
ទី៣. ជាទូទៅមានទឹកចិត្តជាតិ ប៉ុន្តែខ្វះឆន្ទះធំ។ ធ្វើការងារគ្មានការតស៊ូ ឆាប់លះបង់។ ចង់រំដោះជាតិ តែមិនស្គាល់ចំនុចចាប់ផ្តើម។ ចង់ជួយជាតិ តែពឹងអ្នកក្រៅ។ ស្រលាញ់ជាតិ តែខ្វះការពិចារណា។ បណ្តោយឲ្យកំហឹង ក្លាយជាកំហុសជាតិ។ គ្រាន់តែកើតរឿងភ្លាម ក៏ជេរ បញ្ចោរគ្នា ប្រមាថគ្នា ឈ្លោះគ្នា ប្រទេច់ផ្តាសារគ្នា មើលងាយមើលថោកគ្នា ចោទគ្នា លាបពណ៌គ្នា ទាំងរាស្ត្រធម្មតា ទាំងពួកសារពត៌មានមួយចំនួន ទាំងស្ថាបនពត៌មានមួយចំនួន ទាំងអ្នកនយោបាយមួយចំនួន ជាដើម។ ខ្ញុំយល់ថាមនុស្សក្តី ស្ថាបនក្តី អោយតែចោទប្រកាន់ លាបពណ៌ ប្រមាថមើលងាយ ជេរជាតិសាសន៍ឯង គឺសុទ្ធតែកូនចង្រៃ។ បំផ្លាញជាតិ តាមរយៈពាក្យបែកបាក់។ បង្ករការឈឺចាប់ជាតិ ដោយសារតែមនោសញ្ចេតនាជាតិសាសន៍ ចង្អៀតចង្អល់ និងល្ងង់ខ្លៅ។
ទី៤. បើយ៉ាងនេះវិញ្ញាណលោកបណ្ឌិត មិនស្ងប់ទេ ព្រោះមើលមករាស្ត្រខ្មែរ ដូចចាបព្រៃ បែកហ្វូង។ បន្ទោសរាស្ត្រខ្មែរមិនកើត បើគួរបន្ទោស គឺបន្ទោសយើងដែលជានិស្សិត បញ្ញវន្តនេះ មួយភាគធំ សម្ងំយកសុខ ខ្លះសុខដោយឋានៈ ខ្លះសុខព្រោះទ្រព្យ ខ្លះសុខព្រោះកិត្តិយស ខ្លះសុខព្រោះខ្លាចគេគំរាម ខ្លះសុខព្រោះខ្លាចគេស្អប់ ទើបមិនស៊ូវមានអ្នកចេញ ពីអណ្តូងសៀវភៅទេ ហើយបើបញ្ញវន្តរួញក្បាលដូចអណ្តើកទៅហើយ តើឲ្យរាស្ត្រណាហ៊ាន ចេញមុខ។ ដូច្នេះអ្វីដែលយើងគួរធ្វើនោះ យើងត្រូវជួយគ្នាពន្យល់អប់រំរាស្ត្រយើង ដោយបណ្តុះសាមគ្គី ជាងការលាបពណ៌។ បង្រួបបង្រួម ជាងបំបែកបំបាក់។ ប្រមូលផ្តុំជាង កម្ចាត់កម្ចាយ។ ទន់ភ្លន់ ជាងហិង្សា។ និយាយផងធ្វើផង ហើយឈរជួរមុខជានិច្ច ដើម្បីការពាររាស្ត្រយើង។ បើថាគ្រាន់តែរឿងបន្តិចបន្តួចខ្លាចឡើងរួញខ្លួន គួរតែបោះសៀវភៅចោល ហើយស្លៀកសារ៉ុងទៅ។
ទី៥. អត្តចរិកដែលខ្មែរនៅមិនទាន់ចេះតម្រង់ជួរ និងនៅមិនទាន់ចេះបោះសំរាមចោល នៅតែឆ្លុះបញ្ចាំងពី អត្តចរិកទន់ខ្សោយនៃជាតិសាសន៍មួយនេះ ដែលពួកនិស្សិតបញ្ញវន្ត អ្នកនយោបាយ និងអ្នកសារពត៌មាន ត្រូវជួយគ្នាអប់រំខ្មែរ បង្រួបបង្រួមទឹកចិត្តខ្មែរ និងស្មារតីជាតិខ្មែរ ទើបជាតិយើងមាន សង្ឃឹមពិតប្រាកដ។ ប៉ុន្តែគួរឲ្យសោកស្តាយ។ អ្នកមាន គំនិតនិយាយ តែអត់មាត់ ចំនែកអ្នកមានមាត់និយាយ តែអត់គំនិត ឬនិយាយតែពាក្យបែកបាក់ជាតិ ហែកជាតិ។ ជាតិមួយដែលចេះតែជេរគ្នា គឺជាជាតិដែលមិនអាចមានមោនភាពឡើយ។ ជាតិមួយដែលចេះតែ លាបពណ៌គ្នា គឺជាជាតិដែលមិនអាចរកភាពថ្លៃថ្នូរឃើញឡើយ។
-----------------
Written by: សូរ សមយុទ្ធ
១៦ កក្តដា ២០១៦, កំពង់ឆ្នាំង 
@ខ្ទមអុក