នេះជាសេចក្តីសន្និដ្ឋានរបស់ខ្ញុំ ចំពោះការប្រកាសពត៌មានរបស់បុរសម្នាក់ ដែលហៅឈ្មោះខ្លួន ឯងថា “VP9” មុនពេលមាន “សេចក្តីប្រកាសអាសន្ន” ចេញដោយ “រណសិរ្សរំដោះជាតិខ្មែរ” ដែលសារពត៌មានក្នុងស្រុក និងបណ្តាញសង្គមបានផ្សព្វផ្សាយនៅទី២០ កក្តដា ២០១៦។
ទី១. អាចជាកូនទាហានអតីតខ្មែរក្រហម ដែលនៅបន្តគំនិតបដិវត្តន៍របស់អតីតមេទាហាន ចាស់ៗ របស់ខ្មែរក្រហមមួយចំនួន នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ តាំងពីបន្ទាយមានជ័យ ឧត្តរមានជ័រ រហូតដល់កោះកុង កំពង់សោម និងកែប ជាដើម។
ទី២. មិនជាប់ពាក់ព័ន្ធនឹងអតីតមេទាហានខ្មែរក្រហមទេ ប៉ុន្តែអាចជាប្រភេទមនុស្សដែលមាន គំនិតស្រដៀងគ្នានឹងបក្សមួយនៅកម្ពុជា ដែលមេបក្សតែងតែនិយាយពីរឿងធ្វើបដិវត្តន៍ “ចលនាអំណាចពលរដ្ឋ”។ បាវចនារបស់គេ គឺ “ជាតិ សាសនា និងប្រជាជាតិ” ដូច្នេះជាក្រុម មនុស្សដែលស្អប់របបស្តេច ហើយស្រលាញ់របបសាធារណរដ្ឋ។
ទី៣. នៅក្នុងខ្លឹមសារ នៃសេចក្តីប្រកាស់ពត៌មានជាវីដេអូ បុរសម្នាក់នេះ បានភ្ជាប់ខ្លួនឯងនឹង ពួកប្រជាធិបតេយ្យ ដោយលើកឡើងថា ចលនាខ្លួនមានការគាំទ្រពីពួកប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ដែលគេចង់សំដៅទៅរក “បក្សប្រឆាំង” ។ ល្បិចចង់អូសពួកប្រជាធិប- តេយ្យ ឲ្យចូលរណ្តៅ ហើយកប់កម្ពុជាទាំងរស់ម្តងទៀត។
ទី៤. ប្រកាសជំហរ “ឈរលើច្បាប់អន្តរជាតិអី” បើប្រកាសឲ្យធ្វើបដិវត្តន៍ទៅហើយនឹង។ លើសពីនេះ មានទៅបង្រួបបង្រួមខ្មែរអី បើផែនការធ្វើរដ្ឋប្រហារនឹង គឺបានហែកខ្មែរជាពីរ រួចទៅហើយ ស្មានតែធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារនឹង ដូចដើរលេងក្នុងសួនគយគន់ផ្កាអី។
ទី៥. ផែនការបដិវត្តន៍ ឬរដ្ឋប្រហារនីមួយៗ ធម្មតាគេរៀបចំស្ងាត់កំបាំងណាស់ ដូច ស៊ុន អ៊ូ មេយុទ្ធសាស្ត្រសង្គ្រាមចិនសម័យដើម និង មេបដិវត្តន៍វប្បធម៌ចិន ម៉ៅ សេទុង និយាយថា “រៀបផែនការឲ្យដូចជាយប់ងងឹត ហើយប្រយុទ្ធឲ្យដូចភ្លេកបន្ទោរ” ចំនែកអាគាត់នេះ ចេញមក ប្រកាសក្តែងៗ បែបនេះ គឺមិនទាន់បានស្លៀកខោផង គេចាប់ញាត់គុកបាត់ហើយ។ គេចាក់ឲ្យលោត ក៏ចេះតែលោតតាមគេទៅ។
ទី៦. គាត់អាចកើតជំនឺអាណិតជាតិពេក ប៉ុន្តែការប្រកាសធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារអីនឹង គឺវាហួសសម័យហើយ។ លើសពីនេះជាទង្វើក្លាហានបែបល្ងង់ខ្លៅ។ គ្មានត្រូវក្បួន ត្រូវខ្នាតអ្វី បន្តិចសោះ បើធ្វើការប្រៀបធៀបទៅនឹងក្បួន ឬទ្រឹស្តីធ្វើរដ្ឋប្រហារ ឬបដិវត្តន៍។
ទី៧. ពីយូរហើយមិនប្រកាស ហេតុអីមកប្រកាសចំពេលនេះ ចំពេលជិតដង្ហែរសព កែម ឡី ហើយថែមព្រលយពាក្យថា មានមិត្តភក្តិបរទេសជាប្រទេសប្រជាធិបតេយ្យចាំជួយ។ ចង់ សំដៅទៅអាមេរិកកាំងមែន។ បើចង់សំដៅទៅអាមេរិកកាំង មានតែចង់ភ្ជាប់ទៅនឹងបក្ស ប្រឆាំង ពួកប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ទី៨. ស្រាប់តែថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៦ នេះ ក៏ឃើញស្ថាបនមួយ ឈ្មោះថា “រណសិរ្សរំដោះជាតិខ្មែរ” ចេញ “សេចក្តីប្រកាសអាសន្ន” មួយ ដោយក្នុងនោះថែមទាំង មានបង្កប់ខ្លឹមសារ ដោយរំលេចឈ្មោះគណបក្សសង្គ្រោះជាតិ ដោយចំតែម្តង ហើយអះអាងថា គឺសុទ្ធតែជាក្រុមបក្សដែលគាំទ្រ រណសិរ្សរបស់ខ្លួន ក្នុងខ្លឹមសារថា «រណសិរ្យរំដោះជាតិខ្មែរ មានកិត្តិយស ជម្រាបជូនដល់សមាជិក រណសិរ្យរំដោះជាតិខ្មែរ សមាជិកគណបក្ស សង្រ្គោះជាតិ និងសមាជិកគណបក្សផ្សេងៗទៀត ដែលគាំទ្ររណសិរ្សរំដោះជាតិខ្មែរ កំពុងរស់នៅក្នុងប្រទេសខ្មែរ និងប្រទេសថៃ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់ ព្រោះកងកម្លាំង របបផ្តាច់ការ ហ៊ុន សែន អាចនឹងចាប់ខ្លួន ដោយចោទប្រកាន់ថា “ផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហារ” ជាដើម»។ យី! បើប្រកាសធ្វើរដ្ឋប្រហារហើយ គេមិនចាប់ មានចាំបាច់ ចោទប្រកាន់ អីទៀត។ កំប្លែងម្លេះ។
ទី៩. ខ្ញុំអានសេចក្តីប្រកាសអាសន្ននេះហើយ ចង់តែសើច។ ចង់សើច ពីព្រោះបំណងនៃការ ប្រកាសអាសន្ននេះ មើលទៅមិនមែនជូនដំណឹង ឬឈឺឆ្កាល ដល់ក្រុមបក្សដែលខ្លួនអះអាងថា គាំទ្រខ្លួនឯងនោះទេ ប៉ុន្តែតាមពិតគឺជា “សារសម្លាប់” ប៉ាតមុខមាត់ឲ្យបក្សប្រឆាំង ថាមានការ ជាប់ពាក់ព័ន្ធជាមួយខ្លួន ទេតើ។ “គេ” សម្លាប់ លោក កែម ឡី ដើម្បីចង់ឲ្យរាស្ត្របះបោរ ប្រឆាំង និងទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែក្រោយការកើត ហេតុ បែរជាប្រពលរដ្ឋខ្មែរ មានសភាពស្ងប់ស្ងាត់។ ដូច្នេះនយោបាយ “ជួប សម្លាប់” របស់គេ បានបរាជ័យ។ គេក៏បន្តជំហានទីពីរ គឺបង្ហាញអញត្តិ (តួអង្គ) មួយថ្មីទៀត គឺកូដឈ្មោះ “VP9”។ ដូរក្បួន តែបំណងនៅដដែល។ នៅដដែលនៅត្រង់ថាប៉ុនប៉ងទម្លាក់ថ្មបាក់ទៅលើ ក្បាលបក្សប្រឆាំងវិញម្តង។ ដូច្នេះ ជាយុទ្ធសាស្ត្រ គឺ “គេ” រៀបចំឲ្យ “ខ្មែរ” និង “ខ្មែរ” សម្លាប់គ្នាឲ្យទាល់តែបាន។
ទី១០. ផ្អែកលើទឡ្ហីករណ៍ពីចំណុចទី១ ដល់ទី៩ គឺ ហេតុ មិនស៊ីគ្នានឹងផល, សកម្មភាព មិនស៊ីគ្នានឹងគម្រោង, ក្បួន មិនស៊ីគ្នានឹងទ្រឹស្តីរដ្ឋប្រហារ, ផែនការ មិនស្របនឹងយុទ្ធសាស្ត្រ។ ដូច្នេះ នេះគឺជាការរៀបចំឆាកល្ខោនសុទ្ធសាធ នៅលើគោក។ ខ្ញុំឧទាហរណ៍ចោលទេ។ ឧទាហរណ៍ថា ផ្កាយក្រហមចង់ដោះដូរក្បាលម៉ាស៊ីននៅ គ.៨៥។ បើដោះដូរដោយសន្តិវិធី មិនបាន មានតែបង្ករចលាចល។ ដូច្នេះ “គេ” សង្ឃឹមថា ការសម្លាប់ កែម ឡី នឹងធ្វើឲ្យក្រឡាប់ចាក់កម្ពុជា ដើម្បីគេដាក់មនុស្សថ្មី។ ប៉ុន្តែផែនការទី១ បានបរាជ័យ។ ដូច្នេះត្រូវបញ្ចេញ “VP9” ដើម្បីអូសក.បក្សប្រឆាំងចូលរណ្តៅ និងសម្លាប់កម្ពុជា។ ខ្មែរមិនសម្លាប់ខ្មែរទេ។
ទី១១. មិនអត់ទេ កើតរឿងរបៀបនេះ ប្រាកដជាមានមេទ័ពចិត្តស្រាលគំនិតខ្លីមួយចំនួន យល់ថាបក្សប្រឆាំងនៅ ពីក្រោយខ្នង ហើយច្បាស់ជាខាំមាត់សម្ញេញ់ធ្មេញចង់ស៊ីសាច់ ហុតឈាមបក្សប្រឆាំងមិនខាន។ ម្យ៉ាងទៀត មិនដឹងថាមេឧត្តមសេនីយ៍ ដែលចង់ស៊ីសាច់ បក្សប្រឆាំងនោះ ជាអ្នកណា ឲ្យប្រាកដផង។ បើធ្វើបាបបក្សប្រឆាំងកាន់តែខ្លាំង នឹងនាំឲ្យរាស្ត្រកាន់តែក្តៅ ចង់មិនចង់ ទប់ជាប់មិនជាប់ ច្បាស់ជាផ្ទុះនៅកន្លែងណាមួយ នៅពេលណាមួយមិនខាន។ ប្រសិនបើ កើតមានចលនាប្រជាជនបះបោរប្រឆាំង ក្នុងរូបភាព ឬទ្រង់ទ្រាយបដិវត្តន៍ពណ៌មែននោះ ជំហានបន្ទាប់ គឺ “គេ” អាចបញ្ជាកម្លាំងបង្កប់ក្នុង ជួរកងទ័ពក្នុងតំបន់មួយចំនួន ឲ្យផ្ទុះអាវុធ ក្នុងបំណងប៉ុនប៉ងផ្តួលរដ្ឋាភិបាលចាស់ចោល ដោយយោធា ហើយដាក់ក្រុមមនុស្សថ្មីមួយក្រុមរបស់គេ ដើម្បីជាន់ក្បាលខ្មែរបន្តទៀត។
ទី១២. ជាក្បួន ជាទ្រឹស្តី ជាយុទ្ធសាស្ត្រ ដែលអ្នកប្រាជ្ញខាងបដិវត្តន៍ ឬរដ្ឋប្រហារបានសសេរ ទុក ដើម្បីឲ្យបដិវត្តន៍ ឬរដ្ឋប្រហារ ណាមួយ ទទួលបានជោគជ័យ គេត្រូវរៀបចំកម្លាំងបី ប្រភេទ គឺ (ក) ចលនាបះបោររបស់ប្រជាជន, (ខ) ការផ្ទុះអាវុធរបស់ក្រុមទាហាន, (គ) ក្រុមអ្នកនយោបាយថ្មីមួយក្រុម ដើម្បីត្រៀមឡើងកាន់អំណាច។ ពីព្រោះរាស្ត្រចេះតែស្រែក ចំនែកកងទ័ពចេះតែប្រយុទ្ធតែប៉ុណ្ណោះ ដូច្នេះរឿងកិច្ចការគ្រប់គ្រងដឹកនាំរាជការ គឺត្រូវការ អ្នកនយោបាយ។ ហេតុដូច្នេះបើ “គេ” មានបំណងផែនការចង់ធ្វើបាបកម្ពុជាមែននោះ ក្នុង ខណៈពេលដែលយើងកំពុងនិយាយគ្នានេះ គឺ “គេ” បានគិត និងរៀបចំរួចហើយថា យកកម្លាំងប្រជាជនណា ក្នុងព្រឹត្តិការណ៍អ្វី នៅពេលណា ហើយប្រើប្រាស់ក្រុមទាហាននៅ តំបន់ណា ហើយព្រមទាំងត្រៀមក្រុមអ្នកនយោបាយណា ដើម្បីបន្តអំណាច។ ជាទូទៅក្រុម អ្នកនយោបាយ ដែលគេត្រៀម ដើម្បីបន្តអំណាច មិនមែនក្រុមអ្នកនយោបាយផ្សេងមកពី គណបក្សនយោបាយផ្សេងណានោះឡើយ ប៉ុន្តែគឺក្រុមអ្នកនយោបាយ ក្នុងគណបក្សចាស់ ដែលគេធ្លាប់គ្រប់គ្រងតែម្តង។ ក្រោលដដែល ដូរតែសេះ ប៉ុណ្ណោះ។
ទី១៣. ជារួម គឺរាស្ត្រខ្មែរក៏គ្រោះថ្នាក់ បក្សប្រឆាំងក៏ប្រឈមនឹងគ្រោះថ្នាក់ ចំនែកមេទ័ព ជំរុំទេវតា រិតតែប្រឈមនឹងគ្រោះថ្នាក់ទៅទៀត។ ហេតុអ្វីបានជាមេទ័ពជំរុំទេវតា ដាក់សាច់ ញាតិកូនចៅ ខ្លួនឯងក្នុងជួរកងទ័ព និងផ្នែកចារកម្ម ទាំងកម្លាំងផ្ទៃក្នុង ទាំងផ្នែកយោធា។ អាចមានអ្នកយល់ថា គឺដើម្បីរក្សាអំណាច។ ការអះអាងមិនខុសទេ។ ប៉ុន្តែក៏មានជ្រុងផ្សេង មួយទៀតនោះ គឺមានន័យថា “អត់ទុកចិត្តអ្នកណាទាំងអស់ក្នុងកងកម្លាំង”។
ទី១៤. លើសពីនេះ បើអ្នកណាអះអាងថា មេទ័ពជំរុំទេវតា កាន់កាប់គ្រប់គ្រងកងទ័ព ទាំងមូលនៅក្នុងដៃនោះ ក៏ដូចជាមិនស៊ូវត្រូវដែរ។ ពីព្រោះទាំងខ្ញុំ ទាំងគេ ប្រសិនបើកម្លាំង ប្រដាប់អាវុធទាំងអស់ ទាំងកម្លាំងសន្តិសុខផ្ទៃក្នុង (នគរបាលមហាផ្ទៃ) ទាំងកម្លាំងទាហាន ស្ថិតក្នុងដៃខ្ញុំទៅហើយ ហើយខ្ញុំទុកចិត្តទៀតនោះ ម្លេះខ្ញុំមិនចាំបាច់ បង្កើតក្រុមកងអង្គរក្ស ជាង៤០០០នាក់ផ្ទាល់ខ្លួន ដែលជាកងកម្លាំងពិសេស បំពាក់ដោយសម្ភារៈយោធាទំនើប ហើយដែលស្មើនឹងចំនួនកងសន្តិសុខមហាផ្ទៃ ដែលឈរជើងនៅក្នុងរាជធានីភ្នំពេញ ដែលអាចក្តាប់ភ្នំពេញបានទាំងមូល ក្នុងករណីមានការប៉ុនប៉ង ដូចដែលធ្លាប់កើតឡើងចំពោះ ប៉ែន សុវណ្ណ និង ចាន់ ស៊ី នោះទេ។ បើមានទ័ព១០ម៉ឺននាក់ជារបស់ខ្លួនឯង ចាំបាច់បង្កើត ៤០០០នាក់ធ្វើអ្វី។ ហេតុផលទាំងអស់នេះ ហាក់ដូចជាកំពុងតែប្រាប់យើងពីអ្វីម្យ៉ាង។
ទី១៥. ឧ៌កាសឈ្នះរបស់បក្សប្រឆាំងក្នុងការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ គឺមាន ប្រូបាបីលីតេ ធំជាង ពេលណាណាទាំងអស់ ដូច្នេះគ្មានមូលហេតុណាមួយដែលបក្សប្រឆាំង កើតគំនិត ឬគាំទ្រការធ្វើបដិវត្តន៍ ឬការធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះឡើយ មានតែមនុស្សឆ្កួតទើបនឹកឃើញចង់ធ្វើរបៀបនេះ។ បើដូច្នេះមែន តើរឿងរ៉ាវទាំងអស់នេះ វាជាអ្វី ទៅវិញទៅ។ ងាយៗ គឺ “គេ” រៀបចំផែនការឲ្យ “ខ្មែរ សម្លាប់ ខ្មែរ” ដូចដែលគេធ្លាប់ធ្វើ ហើយទទួលបានជោគជ័យតាំងពីទសវត្សន៍៧០។ អាចមានអ្នកចេះតែសួរថា តើខ្ញុំអាងអ្វី បានហ៊ានអះអាងថា រឿងរ៉ាវទាំងអស់នេះ ស្ថិតក្នុងសេណារីយ៉ូ បែបនេះ។ ចំលើយគឺ ខ្ញុំគ្មាន អាងអ្វីទាំងអស់ ប៉ុន្តែខ្ញុំសួរត្រឡប់ទៅវិញថា ចុះអ្នកអាងអីដែលថា សេណារីយ៉ូ នេះមិនពិត នោះ។ អ្នកណាចំណេញជាងគេ បើកើតរឿងទាំងអស់នេះ?
កុំភ្លេចថា ការគាំទ្ររបស់កម្ពុជា ចំពោះជំហរចិន រឿងសេចក្តីសម្រេចតុលាការមជ្ឈត្តិកម្មអន្តរជាតិចុងក្រោយនេះ បានធ្វើឲ្យ សហរដ្ឋអាមេរិក និងវៀតណាម គេសោកស្តាយ គេខកចិត្ត និងខាតប្រយោជន៍គេច្រើនណាស់។
--------------
Written by: សូរ សមយុទ្ធ
២០ កក្តដា ២០១៦
កំពង់ឆ្នាំង
From @ខ្ទមអុក FB
