Tuesday, July 26, 2016

ស្រមោល

 
ការស្វែងរកយុត្តិធម៌ពិត ជូនលោក បណ្ឌិត កែម ឡី គឺជាការតាមចាប់ស្រមោល។
 
 
ទី១. ឧទាហរណ៍ថា មានមន្ត្រីរដ្ឋមើមណាមួយអ្នកបញ្ជា បើរកឃើញ ក៏មិនបង្ហាញដែរ ពីព្រោះមន្ត្រីរដ្ឋ ក៏ជាអាជ្ញាធររដ្ឋ ហើយក៏ដូចជារបបក្រុងភ្នំពេញ ដែលក្រោមការគ្រប់គ្រង របស់សម្តេច។ បើទទួលស្គាល់ គឺដូចសារភាពថា អាជ្ញាធរអ្នកធ្វើ ហើយចង់លាងខ្លួន ក៏ពិបាក។
 
 
ទី២. ឧទាហរណ៍ថា បើអ្នកយាមក្រោលសេះ នៅភ្នំពេញជាអ្នកបញ្ជា បើរកឃើញ ក៏មិនបង្ហាញដែរ ព្រោះនាំឲ្យកំរើកក្រុង ក្នុងស្ថានភាពសង្គ្រាមការទូតកំពុងសង្កត់ពីក្រៅ ហើយបើបញ្ឆេះភ្លើងក្នុងទៀត ទប់សត្រូវពីរផ្លូវមិនជាប់ទេ។ លើសពីនេះអាចវៃស្មៅបង្អើលពស់ ស្មៅក្រាស់ពេក ពិបាកវែករកពស់ ត្រូវការពេលដកស្មៅចេញសិន។
 
 
ទី៣. ឧទាហរណ៍ថា បើម្ចាស់ក្រោលសេះ ពីហានូយជាអ្នកធ្វើក៏ដោយ បើស៊ើបដឹង ក៏មិនហ៊ានបង្ហាញ ពីព្រោះនាំឲ្យប៉ះពាល់ទំនាក់ទំនងការបរទេសប្រទេសជិតខាង បញ្ហានោះគឺ ក្នុងនយោបាយការទូត កម្ពុជារើសមិត្តបាន រើសសត្រូវបាន តែរើសអ្នកជិតខាងមិនបានទេ។ លើសពីនេះអាចបង្ករជាកំហឹងរបស់មហាជនខ្មែរ ដែលអាចនាំដល់ការប្រឈមខ្លាំងជាមួយ បរទេស ហើយបើឆេះ គឺរិតតែខាត ព្រោះជាសង្គ្រាមក្នុងផ្ទះខ្លួនឯង បានតែត្រឹមងាប់ កូនចៅឯង ឆេះផ្ទះសម្បែង ខូចខាតទ្រព្យខ្លួនឯង និងសងបំណុលគេ។
 
 
ទី៤. បើសេណារីយ៉ូទី១, ទី២, ទី៣, មិនកើតឡើង តើដំណោះស្រាយចុងក្រោយ ទៅជាយ៉ាងម៉េច។ គឺបញ្ចប់ត្រឹម ឃាតករ ជួប សម្លាប់ និងហេតុផលលុយ៣០០០។ បើសំពាធមហាជនខ្លាំងពេក គឺរុញឡើងមួយកម្រិតទៀត ចូលដល់ត្រីធំបន្តិច តែដាច់ខាត មិនមែនម្ចាស់បឹងទេ ហើយក៏មិនដល់ម្ចាស់ក្រោលសេះដែរ ប៉ុន្តែទោះចប់ត្រឹម ជួបសម្លាប់ ឬត្រឹមត្រីគល់រាំង ពីពេលនេះទៅរហូត៣ខែក្រោយ ទាល់តែបង្កើតភស្តុតាងក្លែងក្លាយ ដាក់បន្ទុកថែម ដើម្បីអូសរឿងឲ្យសមទៅរកភាគបញ្ចប់ ព្រោះលេច់លឺថាមានចោរប៉ុនប៉ង គាស់ផ្ទះលោក កែម ឡី កាលពីក្បាលព្រលប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦។ គួរតែមិនមែន ចោរហារយទេ ប៉ុន្តែសេះចំណាប់ ចូលទៅផ្លង់ចោលភស្តុតាំងថ្មីៗ ឧទាហរណ៍ថា សំបុត្រ កិច្ចសន្យាខ្ចីលុយ ៣០០០ដុល្លារ ពី ជួបសម្លាប់ ជាដើម លើសពីនេះ ដើម្បីបញ្ចប់រឿង លើកនេះ មិនដឹងក្បាលអ្នកណា ត្រូវមេទ័ពជំរុំទេវតាសុំខ្ចីប្រើទេ។ ប៉ុន្តែមើលទៅមានតែក្បាល មនុស្សបីប្រភេទប៉ុណ្ណោះ នោះគឺមន្ត្រីអង្គការសង្គមស៊ីវិលណាម្នាក់ ឬមន្ត្រីថ្នាក់ក្រោមតូចតាច ណាម្នាក់ ឬសកម្មជនបក្សប្រឆាំងណាម្នាក់។ ហេតុអីទុកដល់៣ខែ។ ទុកឲ្យភ្លើងចុះកម្តៅ ដោយដកអុសផង ហើយប្រើពេលពន្លត់ភ្លើង។
 
 
ទី៥. លេច់លឺពត៌មានថា មានអ្នកចង់យក ជួបសម្លាប់ ទៅភ្ជាប់នឹងតំណាងរាស្ត្រម្នាក់ និងសេនាប្រមុខរងនៃជំរុំព្រះអាទិត្យ។ អ្នកចេញយុទ្ធសាស្ត្រនេះ ចំជាមេបំផ្លាញសម្តេច មិនត្រឹមតែមិនរួចខ្លួន ថែមទាំងអស់ទាំងដើមទៅទៀត ព្រោះមានខ្មោចសេះណា គេទៅជឿរឿងនឹងនោះ ផ្ទុយទៅវិញគេកាន់តែយល់ថាជំរុំទេវតាអ្នកធ្វើមែន នាំឲ្យគេ កាន់តែស្អប់ កាន់តែអស់ជំនឿខ្លាំងឡើង ដូចត្រាយផ្លូវជូនមេទ័ពទេវតា ទៅឋានយមរាជ អីចឹង។ ប៉ុន្តែមិនទៀងដែរ ប្រសិនបើមេទ័ពជំរុំព្រះអាទិត្យ ចេះតែចោទមកពីក្រៅខ្លាំងអីចឹង សម្តេចមានតែចាប់ជាន់ ក. ដកស្លាបហ្វូងបក្សីនៅខាងក្នុង ទៀតហើយ។ ជំរុំព្រះអាទិត្យ មានតែអ្នកធ្វើស្រែ ឡើងត្នោត ដាំស្ពៃ ឃ្លាលគោក្របី ហើយតំណាងរាស្ត្រខ្លះ ត្រីមិនហ៊ានសម្លាប់ផង ហើយបើចោទថាទៅជួលខ្មាន់កាំភ្លើងដើម្បីបាញ់សម្លាប់មនុស្សទៀត “លើសហើយពូ!”។ លើសពីនេះទៅទៀត បើថាបក្សប្រឆាំងអ្នកនៅពីក្រោយខ្នង នោះបក្ស ប្រឆាំងច្បាស់ជាល្ងង់ហើយឆ្កួតទៀត ទើបធ្វើបែបនេះ។ ហេតុអី។ ព្រោះអ្វីដែលលោក កែម ឡី និយាយគឺការពិតនៃសង្គម ឆ្លុះបញ្ចាំងពីកម្សោយនៃរបប និងការដឹកនាំរបស់សម្តេច ដូច្នេះ បក្សប្រឆាំងមិនបាច់ជួលអស់លុយមួយរៀលផង ហើយមានអ្នកជេរបក្សប្រជាជនទាំងយប់ ទាំងថ្ងៃយ៉ាងនេះ ហើយបែរទៅជាសម្លាប់ចោលទៀតនោះ។ មានតែអ្នកវិភាគ “ក្រុមបីសេស” នៅសារពត៌មាន ផេះញូវ ទើបគិតឃើញ។
 
 
ទី៦. ដូច្នេះ សេណារីយ៉ូដែលអាចកើតឡើងជាងគេ គឺសេចក្តីសន្និដ្ឋានស្រាវជ្រាវស៊ើបអង្កេត ចុងក្រោយ គឺចប់ត្រឹម ជួបសម្លាប់ និងលុយ៣០០០ដុល្លារ។ តែបើអាជ្ញាធរយល់ថា ចប់ត្រឹមនឹងនោះ គឺយល់ខុសហើយ។ តាមពិតនេះទើបតែចាប់ផ្តើមទេ ពីព្រោះក្នុងក្បួន អ្នកធ្វើយុទ្ធសាស្ត្រគេមិនដែលចងក្រឡាងាប់ទេ ប៉ុន្តែអស់មួយចូលមួយ ខូចផែនការ “ក” ចូលបន្តផែនការ “ខ”។ ហេតុអីបានជា ជួបសម្លាប់ រត់មិនរួច។ ព្រោះជួបសម្លាប់ ចាញ់បោកម្ចាស់ក្រោលសេះ។ បើឈ្មោះដល់ទៅ ជួបសម្លាប់ ទៅហើយ តើគេឲ្យមាន់សម្ល ជាអ្នកដឹកជូនមកដែរអី ដូច្នេះមិនមែនរឿងភ័យហើយអ្នកឌុបរត់ចោលអ្នកបាញ់ទេ ប៉ុន្តែគឺ គេរៀបចំឲ្យអ្នកឌុបចាំមើល បើឃើញបាញ់សម្លាប់ហើយ ក៏ជិះរត់ចេញទៅ ដើម្បីទុកឧ៌កាសឲ្យ សមត្ថកិច្ច ចាប់ ជួបសម្លាប់។ ហេតុអី។ ព្រោះបើ ជួបសម្លាប់ រត់បាត់ តើយកអីមកដោះសារ ឆ្លើយប្រាប់រាស្ត្រខ្មែរ។ មានអំណាចយ៉ាងណាក៏ដោយ ភ្លាមៗចង់គាស់ខ្មោចមកឲ្យកិនម្សៅ ក៏ពិបាកដែរ។ ម្យ៉ាងទៀតនោះ បើ ជួបសម្លាប់ គ្រាន់តែជា រាស្ត្រធម្មតានោះ កើតរឿងបែបនេះ ច្បាស់ជាភ័យស្លន់ស្លោមុខស្លេកស្លាំងជាមិនបាន ប៉ុន្តែអ្វីដែលចំលែកនោះ គឺ មនុស្សម្នាក់នេះ ហាក់គ្មានការតក់ស្លុតភ័យខ្លាចស្លន់ស្លោអ្វីបន្តិចឡើយ តាំងពីការចាប់បាន រហូតដល់រាស្ត្រ ព្រួតគ្នាវៃ និងដល់ការសួរចំលើយ។ មានន័យថាគឺ សេះច្បាស់លាស់។ ទោះកាត់ជើងឲ្យឆ្កែស៊ី ក៏មិនស្រែកថាឈឺដែរ មនុស្សបែបនេះ។
 
 
ទី៧. រឿងរបស់លោក បណ្ឌិត កែម ឡី ថ្វីត្បិតតែមេទ័ពជំរុំទេវតា និងរបបក្រុងភ្នំពេញ មិនជាប់ទាក់ទង ប៉ុន្តែអ្នកគួរបន្ទោសជាងគេ គឺនៅតែជាសម្តេច។ ៣០ឆ្នាំហើយ នៅតែ មិនអាចសម្រួលកម្លាំងផ្ទៃក្នុងឲ្យល្អិតក្នុងបាតដៃកើត។ លើសពីនេះបើចង់បន្ទោស គឺកម្លាំង បង្កប់ និងកម្លាំងចារកម្មរបស់យើង នៅអន់ខ្សោយពេក ដែលធ្វើឲ្យហ្វូងសេះ ចេះតែរួចបោល ចេញពីក្រោល រត់ពាស់វាលពាស់កាល។ អ្នកធ្វើរបងក៏ខ្សោយ ខ្សែរបាក៏ផុយ បង្គោលរបង ក៏ពុក បែបនេះ បើមិនធ្លាយទើបចំឡែក។
 
 
ទី៨. ហើយបើខ្ញុំជាសម្តេចវិញ ខ្ញុំនឹងប្រកាស់យកថ្ងៃ ១០ កក្តដា ជាថ្ងៃកាន់ទុក្ខជាតិ ហើយ បង្ហូតទង់ជាតិចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការគោរពបញ្ញវន្ត ហើយថែមទាំង ស្នើទៅស្តេចដើម្បីប្រទានគោរម្យងារមួយដ៏អស្ចារ្យដល់លោក បណ្ឌិត កែម ឡី។ ដេញ់ចាប់ ស្រមោល តើចាប់បានទេ? 
 
-----------------
written by សូរ សមយុទ្ធ
១២ កក្តដា ឆ្នាំ២០១៦ កំពង់ឆ្នាំង 
 
@ ខ្ទមអុក FB