Tuesday, May 23, 2017

៥០ម៉ឺនដុល្លា បានមកពីណា?

គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ ដែលមហាជនពេញចិត្តផង និងរិៈគន់ផងនោះគឺការវិមជ្ឈការថវិកាជាតិ៥០ម៉ឺនដុល្លាក្នុង១ឃុំ ឬជាង៨០០លានដុល្លាក្នុងឆ្នាំ។ សំនួរដែលអ្នកគាំទ្រគណបក្សប្រជាជនលើកឡើងនោះគឺថា៖ តើបានលុយមកពីណា? បើតាមទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏ដូចជាអ្នកគាំទ្របក្សប្រជាជនផ្សេងទៀត បានដៀមដាមថា៖ មានតែទៅបោចពី លោក កឹមសុខា?
តាមពិតទៅ៥០ម៉ឺនដុល្លាគឺតិចតួចនៅឡើយទេ។ ដោយពិតទៅ បើតាមត្រូវគឺ១លានដុល្លា ទើបអាចអភិវឌ្ឍមូលដ្ឋាន បានពេញដៃពេញជើង។ ឩ. បើគិតថា១ឃុំ ដែលមានប្រជាជន១ម៉ឺននាក់ជាមធ្យម អាចឈឺ១០% ក្នុង១ឆ្នាំ គឺម្នាក់បានតែ៥០០ដុល្លាប៉ុណ្ណោះក្នុងឆ្នាំ។ និយាយបញ្ច្រាសមកវិញ បើមាន១លានដុល្លា ធ្លាក់ដល់ឃុំទៅហើយ នៅខ្លាច អត់មានគ្រួពេទ្យល្អ ថ្នាំពូកែ ធ្លាក់ដល់មូលដ្ឋានព្យាបាលប្រជាជនក្រីក្រទៀតឬទេ?
អ្នកគាំទ្របក្សប្រជាជនបានបន្តទៀតថា៖ និយាយចេះតែស្រួលហើយ តែធ្វើបានវាពិបាក។ លុយ៥០ម៉ឺនដុល្លាមិនដឹងរកពីណាផង ឥឡូវឡើងដល់១លានដុល្លាទៀតហើយ។ បានលុយមកពីណា? បើមានលុយអញ្ចឹង ចាំបាច់ដើរដូចឆ្កែដំបៅក្បាលទៅសុំលុយ ខ្មែរនៅក្រៅប្រទេសធ្វើស្អី?
ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមម្នាក់ ខ្ញុំធ្លាប់បានជួបលោកមេឃុំ មួយនៅខេត្តក្បែរទីក្រុងភ្នំពេញនេះ។ លោកមេឃុំបានទម្លាយឲ្យដឹងថា៖ មានលោករដ្ឋមន្រ្តីក្រសួងមួយ បានចំណាយលុយជាង១០លានដុល្លាក្នុង១ស្រុក ដែលគាត់កាន់កាប់។ ខ្ញុំសួរថា៖ លុយរបស់គាត់ ឬលុយបក្ស ឬលុយរដ្ឋ? ហើយយកទៅធ្វើស្អី១០លានដុល្លា ក្នុង១ឆ្នាំនេះ? លោកមេឃុំឆ្លើយថា៖ គឺលុយរបស់គាត់។ លុយនោះយកទៅប្រើសម្រាប់ ចែកជួនប្រជាការពារជាប្រាក់ខែ (១នាក់១០ដុល្លា) ដែលចំណាយខ្ទង់ប្រហែល៥មឺនដុល្លាក្នុង១ខែ។ ស្រ្តី ដែលសម្រាលកូននឹងបានអង្ករ១បាវ និងលុយ២០ម៉ឺនរៀល។ល។ និង ។ល។
ក្នុងស្រុក ដែលលោករដ្ឋមន្រ្តីកាន់នោះ គឺមានឃុំប្រហែលជា១០ឃុំ។ អញ្ចឹងបើ១ឆ្នាំ គាត់ចំណាយ១០លានដុល្លា ក្នុង១ស្រុក គឺស្មើរនឹង១លានដុល្លា សម្រាប់១ឃុំទៅហើយ។ ចុះបើសិនលុយនេះទម្លាក់ជាថវិកាជាតិវិញ បោះទៅឲ្យឃុំជាអ្នកចាត់ចែង កម្មវិធីអភិវឌ្ឍន៏មូលដ្ឋានវិញ តើវាល្អយ៉ាងម៉េចទៅវិញ?
ទុករឿងហ្នឹងមួយឡែកចុះ ព្រោះជាលុយហោប៉ៅរបស់លោករដ្ឋមន្រ្តី។ យើងមិនដឹងថា គាត់បានលុយមកពីណាទេ។ ទោះជាដឹង ក៏មិនអាចយក មកដាក់ចូលក្នុងថិវកាជាតិបានដែរ។ 
ធីបរឿងហ្នឹងចោលមួយ អន្លើសិន!!..
បកមកសំនួរដដែល ដែលសួរតាលាន់ពេញវាលថា៖ តើបានលុយមកពីណា ៨០០លានដុល្លាក្នុង១ឆ្នាំ?
មន្រ្តីបក្សប្រឆាំងខ្លះ នៅង៉េមង៉ាមដូចក្តាមឆៅនៅឡើយទេ ដោយមិនដឹងថាលុយនោះបានមកពីណា។ អ្នកខ្លះថាបានមកពីបំបាត់អំពើពុករលួយ។ លោក សម រង្ស៊ី ថា បានមកពីការរឹតបន្តឹង ការប្រមូលពន្ធឲ្យខ្លាំងជាងមុន...។ ខ្ញុំមិនជំទាស់ទេ អំពីការបំបាត់អំពើពុករលួយ។ តែទម្រាំតែបំបាត់បាន ទៅមកៗ ដាច់១ឆ្នាំបាត់ទៅហើយ។ វាមិនស្រួលនោះទេ បើធ្វើរបៀបហ្នឹងនោះ។
ក្នុងនាមជាអ្នកតាមដាន គម្រោងថវិកាជាតិ ជារៀងរាល់ឆ្នាំខ្ញុំយល់ថា៖ កុំថាឡើយ៨០០លានដុល្លា ទោះ២ពាន់លានដុល្លា ក៏មិនជាបញ្ហាដែរ។
ខ្ញុំឧទាហរណ៏១៖ ក្នុងគំរោងថវិកាជាតិ ២០១៧ 
ទី១) ចំណាយមិនទាន់បែងចែកមានប្រមាណ ៣,៤៣៥,៥៩២​លានរៀល ស្មើនឹងប្រមាណ ៨៥៨លានដុល្លាអាមេរិច។
ទី២) ក្រសួងអភិវឌ្ឍន៏ជនបទ មានខ្ទង់ចំណាយ៥៨៨,៧០៧ លាន​រៀល ដែលស្មើនឹងប្រមាណ១៥០លានដុល្លា។បើយកថវិកា​ទាំងពីរខាងលើបូកបញ្ចូលគ្នានោះ នឹងបាន១ពាន់លានដុល្លា (លើសតម្រូវការ១ឃុំ៥០ម៉ឺនដុល្លា) ទៅហើយ។
មានន័យថា រំលាយក្រសួងអភវិឌ្ឍន៏ជនបទចោល។ នេះសម្រាប់​ឆ្នាំដំបូង បើបក្សប្រឆាំងនៅង៉េមង៉ាម រកប្រភពលុយនោះ មិនដឹងមក​ពីណា។
សម្រាប់ឆ្នាំទី២ គឺត្រូវតម្លើងថវិកា១លានដុល្លាក្នុង១ឃុំ ឬស្មើនឹង ១,៦៤៦លានដុល្លា ក្នុង១ឆ្នាំ ឬថា ត្រូវថែម៦៤៦លានដុល្លាបន្ថែមទៀត លើគម្រោងថវិកាចាស់ ដែលនេះគឺមិនពិបាកនោះទេ។
ឧ. ច្បិចតែ១០%ពីគម្រោងថិវកាជាតិ ដែលមាន៦ពាន់លានដុល្លា ពីគ្រប់ក្រសួង(លើកលែងតែក្រសួងអប់រំ និងក្រសួងសុខាភិបាល)មក គឺគ្រប់ហើយ។ នេះគេហៅថាគិតផុយៗ តាមក្បាច់ស្រី មិនមែនក្បាច់អង់។
តែជាការពិតណាស់ ពេលធ្វើគម្រោងថវិកាជាតិ គឺត្រូវសិក្សាឲ្យបានល្អិតល្អន់ ទៅតាមបច្ចេកទេសហិរញ្ញវត្ថុ មិនមែនលំៗ តាមក្បាច់ស្រីដូចខ្ញុំរៀបរាប់ខាងលើនោះទេ។ តែការរៀបរាប់ខាងលើ គឺគ្រាន់តែពន្យល់លក្ខណៈបច្ចេកទេស ថាតើលុយ១,៦០០លានដុល្លា ហ្នឹងយកចេញពីណា ដោយផ្អែកលើគម្រោងថវិកាជាតិ២០១៧។
បើអាចយកចេញបាន ហេតុអីរដ្ឋាភិបាលបច្ចុប្បន្នមិនធ្វើ? មកពីមិនចង់ធ្វើ ឬ ក៏ធ្វើមិនចង់?
ដោយ៖ ពង យក្សទេ