Tuesday, May 23, 2017

មិនអាចរង់ចាំ!

ក្រោមមេឃនេះគ្មានអ្វីធុញទ្រាន់ជាងការរង់ចាំនោះទេ!!.. បើអាចជ្រើសរើសបាន ច្បាស់ណាស់ មនុស្សមិនជ្រើសរើសនូវការរង់ចាំនោះទេ។
សម្រាប់ស្ថានភាពនយោបាយស្រុកទេសក៏ដូចគ្នាដែរ។ គណបក្សប្រជាជន បានធ្វើឲ្យអ្នកដែលចង់រង់ចាំ មិនអាចរង់ចាំបាន។ មានបានតែគ្នាឯង លំបាកដល់គេមួយប្រទេស។ ពេលនិយាយដល់កន្លែងនេះ ខាងអ្នកគាំទ្រគណបក្សប្រជាជន ច្បាស់ជាចោទសួរថា៖ ពិបាកស្អីខ្លះ? ខ្ញុំនឹងឆ្លើយថា«ពិបាករស់នៅ»។ និយាយដល់កន្លែងនេះ គេសើចចំអកឲ្យខ្ញុំថា៖ តើពិបាករស់នៅយ៉ាងម៉េច?
ខ្ញុំសូមបកស្រាយតាមលក្ខណៈបច្ចេកទេសហិរញ្ញវត្ថុថា៖ ប្រជាជនរកបាន​ ២០០ដុល្លាក្នុង១ខែជាមធ្យម ហើយសងបំណុល១ខែ ២៥០ដុល្លាជាមធ្យម។ បងថាទៅមើល តើស្រួលចិត្តទេ? គាត់បន្តថា៖ ម៉េចក៏ឯងដឹងច្បាស់ម្ល៉េះដែលថារកបាន ២០០ដុល្លា សងគេ ២៥០ដុល្លានោះ? បើអញ្ចឹងតើនរណារស់កើត?
សម្រាប់មិត្តអ្នកអានក៏យល់ថាវាមិនអាចទៅរួចដែរ។ តែវាជាការពិតក្នុងសង្គមយើងបច្ចុប្បន្ននេះ។ ខ្ញុំលើកតួលេខជាក់ស្តែងដូចខាងក្រោមនេះ៖ 
តាមរបាយការណ៏របស់ធនាគាជាតិ គឺថាប្រជាជនខ្មែរយើងជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រមាណជា១៥ពាន់លានដុល្លា។ ហើយអ្នកខ្ចីមានប្រមាណ ២.៥លាននាក់ ឬ ស្មើរនឹង ៨៥%នៃចំនួនគ្រួសារសរុប(៣លានគ្រួសារ) ជាមួយការប្រាក់ប្រមាណ ១.៥% ជាមធ្យម និង រយៈពេលខ្ចី ២៤ខែ (២ឆ្នាំ) ជាមធ្យម។ បើយើងយក១៥ពាន់ លានដុល្លា ចែកនឹង ២.៥លានគ្រួសារហើយ ចែកនឹង២៤ខែនោះចំនួនប្រាក់ដែលត្រូវសងត្រឡប់ទៅគ្រឹះស្ថានក្រូហិរញ្ញវត្ថុ គឺយ៉ាងតិច ២៥០$ ក្នុង១ខែ។ ឬមានន័យថា១គ្រួសារជំពាក់គេ ៥ពាន់ដុល្លាជាមធ្យម។ ចំណែកឯចំណូលវិញ គឺ បើយោងតាមGDP ២០១៦ គឺថា ក្នុងម្នាក់រកបាន១០០ដុល្លាក្នុង១ខែឬ២០០ដល្លា ក្នុង១គ្រួសារ (រកទាំងប្តី ទាំងប្រពន្ធ)។
និយាយមួយបែបទៀតគឺថា៖ អ្នករកបានតិច ជំពាក់តិច អ្នករកបានច្រើនជំពាក់ច្រើន។ ជាទូទៅ ក្នុងសង្គមមួយ ដែលប្រជាជនពិបាករស់នៅ (ពិបាករកចំណូល) គឺនឹងក្លាយទៅជាសង្គមដណ្តើមគ្នារស់។ អ្នកធំស៊ីអ្នកមធ្យម។ អ្នកមធ្យម ស៊ីអ្នកតូចតាច។ អ្នកតូចតាចរត់ចោលស្រុក។
មន្រ្តីកៀបឈ្មួញ ឈ្មួញកៀបរាស្រ្ត រាស្រ្តបានអីកៀប? ។ ជាក់ស្តែង បើកុំតែបាន ប្រជាជនជិត ២លាននាក់ចំណាកស្រុក ទៅថៃ និងកូរេ ម្ល៉េះនៅក្នុងស្រុកនេះហែកគ្នាស៊ីបាត់ទៅហើយ។ វិធានការបន្ទាន់របស់រដ្ឋាភិបាល គឺកៀបឈ្មួញចងការប្រាក់ (ធនាគា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)ស្របច្បាប់ឲ្យទម្លាក់ការប្រាក់មកត្រឹម ១.៥% ឬ ១៨%ក្នុង១ឆ្នាំ។
តែវាហាក់ដូចជាយឺតពេលបន្តិចហើយ ព្រោះថាក្រៅពីមិនអាចជួយយឹតយោងស្ថានការណ៏ គឺធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានរឹតបន្តឹងការទម្លាក់ប្រាក់កំចីដល់ប្រជាពលរដ្ឋ។ ហើយជាលទ្ធផល គឺពលរដ្ឋរត់ទៅចងការប្រាក់ឯកជនក្រៅប្រព័ន្ធច្បាប់ ជាមួយនឹងអត្រាការប្រាក់យ៉ាងតិច ១០% ក្នុង១ខែឬ ២៤០% ក្នុង១ឆ្នាំទៅទៀត។ នេះមិនហៅថាជួយទេគឺជាន់ពន្លិចថែម។
បើបណ្តោយតែរបៀបនេះ៥ឆ្នាំទៀត មិនដឹងថាមានរឿងអីខ្លះនឹងកើតឡើងនោះទេ។ កុំភ្លេចថា យុវជនពេញកម្លាំងធ្វើការមានប្រមាណជា៣០ម៉ឺននាក់ក្នុង១ឆ្នាំៗ។ បើធ្វេសប្រហែសតែ ២ទៅ៣ឆ្នាំនោះ កម្លាំងយុវជនអត់ការងារធ្វើនឹងកើនដល់រាប់លាននាក់មិនខានទេ។ បើពួកគេអត់ការងាធ្វើច្បាស់ណាស់ គឺខាងផ្នែកសន្តិសុខសង្គមនឹងកើតមានឡើងជាមិនខាន។ ដូចជាគ្រឿងញៀន ចោរប្លន់ ចោរឆក់ ជាដើម។ តើពលរដ្ឋអាចរង់ចាំបាន៥ឆ្នាំ ឬ១០ឆ្នាំទៀតទេ? គឺមិនអាចទេ។
ជូនចំពោះអ្នកគាំទ្របក្សផ្សេងក្រៅពីសង្រ្គោះជាតិ! ខ្ញុំសរសេរអត្ថបទនេះ មើលទៅហាក់បីដូចជាលម្អៀងទៅរកបក្សប្រឆាំង។ តែតាមពិត គោលបំណងរបស់ខ្ញុំគឺ លម្អៀងទៅរកផលប្រយោជន៏ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ ក្នុងនាមជាពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេសម្នាក់ យើងត្រូវចេះប្រើកាលៈទេសៈ បង្ខំរឲ្យអ្នកនយោបាយ បម្រើផលប្រយោជន៍យើង។ គឺត្រូវធ្វើយ៉ាងណា ឲ្យពូកគេ ប្រកួតប្រជែងគ្នាដើម្បីបម្រើផលប្រយោជន៏យើងជាខ្មែរ។
ទស្សនៈរបស់ខ្ញុំគឺថា៖ ត្រូវចាត់ទុកអ្នកនយោបាយគ្រាន់តែជាបេក្ខជនមកសុំការងារពីយើងប៉ុណ្ណោះ។ បេក្ខជនណាមានលទ្ធភាព មានសមត្ថភាពជាង យើងប្រគល់ឲ្យអ្នកនោះ។ ពេលដែលអ្នកនោះ កំពុងបំពេញការងារ យើងបន្តជ្រើសរើសបេក្ខជនបម្រុងដើម្បីត្រៀមបំពេញការងារតទៅទៀត ក្នុងករណីបេក្ខជន ដែលយើងបានជ្រើសរើសកន្លងមក បំពេញការងារមិនដូចអ្វីដែលយើងចង់បាន។
ឧបមាថា៖ បក្សប្រឆាំងត្រូវការ២០ម៉ឺនទៀត ដើម្បីឈ្នះហើយកាន់កាប់អំណាច។ ស្រាប់តែ២០ម៉ឺននាក់នោះ បែរជាបែកខ្ញែកគ្នាទៅបោះឆ្នោតឲ្យបក្សផ្សេង ដូចជា អិលឌីភី ហ៊្វុនស៊ីនប៉ិច ខ្មែររូបរួម...។ល។ និង។ល។ អញ្ចឹង តើមានន័យថាម៉េច? តើមិនមានន័យថាយើងគាំទ្រឲ្យបក្សកាន់អំណាចសព្វថ្ងៃ ដើម្បីបន្តកាន់អំណាចទៀតទេឬ? ក្នុងដំណើរជីវិតមនុស្ស ក៏ដូចជាការអភិវឌ្ឍន៏សេដ្ឋកិច្ច ឬ ការរកស៊ីគឺគេយកផ្លូវលឿន ខ្លី ចំណាយតិច ចំនេញច្រើន ហើយឆាប់ដល់គោលដៅ។
ឧទាហរណ៍ថាបក្សប្រឆាំងត្រូវការ២០ម៉ឺនសម្លេងដើម្បីឈ្នះ ,ហ៊្វុនស៊ិប៉ិច ត្រូវការ២លានសម្លេងដើម្បីឈ្នះ ហើយអិលឌីភីត្រូវការ២.៥ លានសម្លេងដើម្បីឈ្នះ តើគួរជ្រើសរើសយកផ្លូវមួយណា? ឬថា៖ បើ ស.ជ ត្រូវការ១ឆ្នាំដើម្បីកាន់អំណាច។ ហ៊្វុនស៊ីនប៉ិច ត្រូវការ ១០ឆ្នាំទៀត។ ហើយអិលឌីភី ត្រូវការ១៥ឆ្នាំទៀត។ តើពលរដ្ឋគួរជ្រើសរើសមួយណា?
ខ្ញុំដឹងថា៖ ស.ជ មិនមែន ជាជម្រើសល្អឥតខ្ចោះនោះទេ។ តែខ្ញុំយល់​ថា ជាជម្រើសដែលដើរផ្លូវលឿនបំផុត សម្រាប់ការផ្លាស់ប្តូរ គេចចេញពីក្រញាំអ្នកកាន់អំណាចសព្វថ្ងៃ។ សាកឲ្យ ស.ជ កាន់អំណាច ១អាណត្តិសាកមើល!! បើថាមិនកើត ៥ឆ្នាំក្រោយ ឬ១០ឆ្នាំក្រោយ យើងបោះឲ្យ បក្សផ្សេង ក៏មិនទាន់ហួសពេលដែរ។ នេះគឺសង្គមប្រជាធិបតេយ្យ។ បើអស់លោកអ្នកបងប្អូន បោះឲ្យបក្សផ្សេង ក្រៅពីស.ជ គឺមិនខុសពីការគាំទ្រឲ្យបក្សកាន់អំណាចសព្វថ្ងៃ បន្តកាន់អំណាចនោះទេ។ នេះគេហៅថា៖ គេចចេញពីរួងចចក រត់ចូលអន្ទាក់ចចកដដែល។
តើបោះឆ្នោតឲ្យស.ជ មានន័យថាម៉េច? 
ទី១) បើសិនជា ស.ជ មិនឈ្នះ ក៏ប្រផិតប្រផើយ ធ្វើឲ្យ បក្សប្រជ ប្រហោងពោះ រុះរើ ថ្នាក់ដឹកនាំ ដើម្បីបម្រើយើងដែរ។ 
ទី២) បើសិនជា ស.ជ ឈ្នះនោះ យើងនឹងបានសាកល្បង សមត្ថភាព លទ្ធភាព និង ឆន្ទៈ ដែលពូកគេបានសន្យាចំពោះយើង។ បើពូកគេធ្វើមិនកើត យើងទៅរកអ្នកផ្សេងឲ្យមកជំនួសក្នុងអាណត្តិបន្ទាប់។ នេះបើនិយាយជារួម។
តែបើនិយាយដោយឡែក ចំពោះគោលនយោបាយ ៥០ម៉ឺនដុល្លាក្នុង១ឃុំ (លឺថាឡើងដល់១លានដុល្លាហើយ) គឺជាគោលនយោបាយ (យុទ្ធសាស្រ្ត) ពង្រាយថវិកា (វិមជ្ឈការថវិកា) មកថ្នាក់ឃុំ។ អស់លោក បងប្អូនគិតទៅមើល? បើសិនជាឃុំមាន១លានដុល្លា ក្នុង១ឆ្នាំ តើឃុំអាចធ្វើអ្វីបានខ្លះ? បានច្រើនណាស់។ ក្នុងនោះ ក៏អាចប្រើប្រាស់ ថិវកានេះទាញយកធនធានមនុស្ស ដែលពពាក់ពពួន នៅទីក្រុង ឲ្យត្រឡប់មកធ្វើការនៅមូលដ្ឋាន ដែលជាស្រុកកំណើតវិញដែរ។ ហើយពេលមានធនធានមនុស្ស ដែលសុទ្ធតែជាបញ្ញវ័ន្ត ត្រឡប់មកស្រុកស្រែចំការវិញហើយ តើយើងនៅភ័យ បារម្ភ ផលិតផលកសិកម្ម គ្មានទីផ្សារទៀតទេ? កុំថាឡើយ បងប្អូនសូម្បីតែខ្ញុំក៏ត្រឡប់ទៅរស់នៅភូមិស្រុកវិញដែរ។
ដូច្នេះសូមរួមផ្តុំគ្នា ដើម្បីពង្រួញពេលវេលានៃការផ្លាស់ប្តូរ។ រួមផ្តុំគ្នាកាន់តែច្រើន ពេលវេលា រង់ចាំរបស់យើង កាន់តែខិតជិតមកដល់។ ទុករឿងទស្សនៈនយោបាយ គាំទ្របក្សផ្សេងមួយអន្លើរសិន។ ផ្តោតលើការផ្លាស់ប្តូរជាវិជ្ជមាន ចេញពីអ្នកកាន់អំណាចសព្វថ្ងៃសិន។
យើងចង់ឲ្យអ្នកកាន់អំណាចសព្វថ្ងៃគិតថា៖ រាស្រ្តជាទឹក ពួកគេជាទូក។ ទឹកអាចបណ្តែតទូកបាន ក៏អាចពន្លិចទូកបានដែរ។ ពួកយើងជារាស្រ្ត អាចលើកពួកគេបាន ក៏អាចទំលាក់ពូកគេបានដែរ បើយើងមិនពេញចិត្ត។

ដោយ៖ ពង យក្ស