នយោបាយមាន និយមន័យច្រើន ហើយប្លែកៗគ្នា។ ក្នុងចំណោមនិយមន័យទាំងឡាយ គេមិនអាចគេចផុតពី និយមន័យរបស់ព្រះសង្ឃរាជ ជួន ណាត បានទេ។ អ្នកប្រាជ្ញខ្មែរអង្គនេះ សង្កត់ធ្ងន់លើពាក្យ ឧបាយ។ តាមការពិតពាក្យ ឧបាយនេះ មានន័យថា បច្ចេកទេស គឺវិធីដែលគេប្រើ ដើម្បីដើរទៅដល់គោលដៅមួយ។ គ្រូធំខាងនយោបាយ ឈ្មោះម៉ាគីអាវ៉ែលលី ក៏យល់ពុំខុសពីនេះប៉ុន្មានដែរ។ នយោបាយវិទូ ជនជាតិអ៊ីតាលីនេះ និយាយអាក្រក់ក្រៃលែង ព្រោះបើតាមការពន្យល់របស់លោក នយោបាយដាច់ឆ្ងាយពីសីលធម៌ គួរឱ្យព្រឺក្បាល។ តែទោះយ៉ាងណាក្តី ម៉ាគីអាវ៉ែលលី ក៏បានផ្តល់អនុសាសន៍ខ្លះទៀត ប្រកបដោយសីលធម៌ ទៅឱ្យអ្នកដឹកនាំដ៏កាចសាហាវទាំងនោះដែរ ដោយសរសេរថា៖ក្សត្រណាដែលហ៊ានប៉ះពាល់ដល់ដីធ្លី ប្រជាពលរដ្ឋ គឺពិតជាទទួលគ្រោះអាសន្នដោយគិចពុំផុត។
បើមើលមកស្ថានភាព ប្រជាពលរដ្ឋខ្មែរ សព្វថ្ងៃនេះវិញ គេអាចសន្និដ្ឋានបានថា អ្នកដែលបាត់បង់ដីធ្លី ក៏ដូចប្រជាពលរដ្ឋដែលបាត់បង់ទឹកដី នឹងក្លាយជាអនុប្រជាជន ដែលគេមើលងាយ សើចចំអកលេងសប្បាយមុននឹង យកទៅសម្លាប់ចោល គឺដូចកាលជំនាន់ ប៉ុល ពត អិចឹង ពោលគឺ ទាសករផង អ្នកទោសផង។ អ្នកដឹកនាំដែលលក់ទឹកដីក៏គេចពុំផុត ពីវាសនានេះឡើយ ព្រោះលុយ ទុកនៅធនាគារ ក៏វានឹងរលាយខ្សុលអស់ទៅដែរ ពោលគឺ ប៉ាហ៊ីមិនស៊ីលុយ។
វិលមកមើលស្រុកខ្មែរយើងវិញ តើអ្នកនយោបាយមាន ឧបាយ ឬបច្ចេកទេសអ្វីដែរ ដើម្បីរំដោះស្រុកទេស ចេញពីឥទ្ធិពលរបស់អាហ៊ា និងមិត្តម៉ឺនឆ្នាំនៅទិសខាងកើត? បើតាមមើលទៅប្រហែលជាគ្មានទេ ព្រោះគេយល់ថា នយោបាយ គឺជាការសម្របខ្លួនទៅតាមស្ថានការណ៍ គឺបណ្តោយតាមវាសនា ដោយតាមកម្លាំងអ្នកខ្លាំង ទោះបីបន្តិចទៀតនេះ កូនចៅបានត្រឹម ជញ្ជក់កាកអំពៅ ឬក៏ដើរកាន់ស្បែកជើង ឱ្យថៅកែចិនប៉ុណ្ណោះក្តី។
ពេលអាសន្នមិនទាន់មកដល់ ពួកគេវាយឬក ធ្វើសឿងដាក់ខ្មែរគ្នាឯងទៀត គឺហាក់បី ដូចជាគេហ្នឹងអន់ថយណាស់ ព្រោះតែពុំចេះលួចលុយជាតិ បំផ្លាញព្រៃ ដើម្បីធ្វើជាអ្នកមាននៅក្នុងព្រះរាជនគរ ដ៏មហាអស្ចារ្យសព្វថ្ងៃនេះ។ បើនិយាយពី ភាសាដែលគេប្រើវិញ ស្តាប់ហើយកាលណា គឺដូចជាគេឮសូរ យក្សល្ខោនស្រែកប្រមាថ មនុស្សលោកអីចឹង។ និយាយយក សជាខ្មៅ យកខ្មៅជាស ប៉ុណ្ណឹងហើយ នៅតែមានអ្នកហែហមជួយការពារទៀត។ បើនាំគ្នាស្តាប់យូរៗទៅ គឺដូចជាខ្មែរមួយនគរហ្នឹង កើតមកសម្រាប់តែឲ្យពួកអ្នកនយោបាយ បាត់ទឹកដោះទាំងនេះធ្វើបាបស្រេចនឹងក្បាលចិត្តរបស់ពួកគេ។
តើពួកនេះបានអំណាចពីណាមក បានជាហ៊ានកែច្បាប់ប្រមាថ ម្ចាស់អំណាចដូច្នេះនោះ? ជាការពិតណាស់ដែលថា ខ្មែរកំពុងធ្លាក់ខ្លួនទៅក្នុងភយន្តរាយ ព្រោះតែស្ថិតនៅក្រោមការត្រួតត្រារបស់កុម្មុយនិស្ត អស់រយៈពេលជិតកន្លះសតវត្សមកហើយ ប៉ុន្តែពួកអ្នកនយោបាយមិនគិតនាំគ្នា រំដោះស្រុកចេញពីស្ថានភាពនេះ ហើយបែរជានាំគ្នាខំពង្រឹងស្ថានភាពនេះថែមទៀត។ ពួកគេខំរិះរកគ្រប់ពាក្យសម្តី ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នថែមទៀត។ បើអិចឹងទេ តើឲ្យខ្មែរសង្ឃឹមទៅលើ អ្នកនយោបាយទាំងនេះ ដូចម្តេចបាន?។ ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ស្គាល់របបកុម្មុយនិស្តទាំងពីរនេះ និងមិនបណ្តោយខ្លួនឲ្យចាញ់បោកចិន និងយួនម្តងទៀតឡើយ។ រឿងអស់ទាំងនេះ គ្មានអ្នកនយោបាយណា ហ៊ានលើកឡើងទេ ព្រោះគេចេះត្រឹមសម្លុត ប្រជាពលរដ្ឋឯងតែប៉ុណ្ណោះ។ ថៅកែរបស់ពួកគេសង្ឃឹមថា ខ្មែរជំនាន់ក្រោយ ច្បាស់ជាមិនជឿថា មានអំពើឃោឃៅ ដែលគេបានធ្វើ មកលើប្រជាជនខ្មែរពីឆ្នាំ១៩៧៥ មកទល់នឹងពេលនេះឡើយ ហើយអ្វីៗដែលគេធ្វើនោះ ខ្មែរត្រូវដឹងគុណពួកគេថែមទៀត។
ដូច្នេះដើម្បីកុំឲ្យគេក្លែងបន្លំប្រវត្តិសាស្ត្របាន យើងត្រូវនាំគ្នាចារទុក ហើយថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ដល់អំពើទាំងឡាយនោះ។ អ្នកដែលឪពុកម្តាយ បងប្អូនមិត្តភក្តិបានត្រូវហ៊ីត្លែរ យកទៅដុតនៅក្នុងឡ គេមិនបំភ្លេចចោលទំព័រប្រវត្តិសាស្ត្រនេះឡើយ គឺគេធ្វើយ៉ាងណា កុំឲ្យរបបបែបប្រល័យពូជសាសន៍នេះ វិលមកវិញបានដូចនៅក្នុងស្រុកខ្មែរពេលបច្ចុប្បន្ន។ ពេលខ្មែរខំកសាងខ្លួនឡើងវិញ ពួកហុតឈាមពលរដ្ឋខ្មែរទាំងនេះ គិតតែពីបន្តិចបិទខាងនេះ បន្តិចបិទខាងនោះមិនស្វាង។ សំណួរដែលយើងត្រូវចោទសួរគឺថា តើធ្វើដូចម្តេច ឲ្យខ្មែរខ្លាំងដូចមុនបាន? ដូចយើងបានដឹងរួចមកហើយ អ្វីៗដែលគេបង្រៀនយើង កន្លងមកគឺដើម្បីឲ្យយើងចុះខ្សោយ ដោយចាប់ផ្តើមពីភាសាទៅ ដូចជា នំមិនធំជាងនាឡិ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវាឱបភ្នំ ចាញ់ជាព្រះឈ្នះជាមារ ជាដើម។ បើគ្មានឆន្ទះ គ្មានការស្វែងយល់គតិលោក គឺយើងមិនអាចធ្វើអ្វីបានទាំងអស់ គឺនៅតែត្រូវគេបោក និងកំហែងកំហល់រហូតហ្នឹង។
ក៏ប៉ុន្តែទោះបី ជាពួកអាណានិគមទាំងចាស់ទាំងថ្មី គេខំប្រឹងទប់យ៉ាងណាក្តី ក៏គេមិនអាចទប់មិនឲ្យព្រឹត្តិការណ៍សត្យានុម័តកើតឡើងបានដែរ។ តើអ្នកណាដែលបាននាំស្ថានការណ៍ឲ្យមកដល់ចំណុចនេះ? តើខ្មែរមិនអាចធ្វើអ្វីសោះ ឬក៏យ៉ាងណា? តើខ្មែរត្រូវតែដាក់ក្បាលឲ្យគេសំពងរហូតទៅឬយ៉ាងណា? តើយុវជនខ្មែរត្រូវតែដើរតាមផ្លូវដែលអ្នកមុនៗ បាននាំមកដល់ស្ថានភាពសព្វថ្ងៃនេះទៀត ឬក៏យ៉ាងណា? រួមសេចក្តីមក កាលណាខ្មែរមានឆន្ទៈមោះមុត ដូចបុព្វបុរសខ្មែរដែលបានកសាងអង្គរវត្ត អ្វីក៏ខ្មែរអាចធ្វើបានដែរ។ អង្គវត្តជាភស្តុតាងដែលបុព្វបុរសខ្មែរទុកឲ្យយើងចងចាំជានិច្ច អំពីអ្វីដែលខ្មែរអាចធ្វើបាន។ ដំណមមានតែមួយប៉ុណ្ណោះ គឺចៀសវាងចាញ់បោកពួកអសុរា ដែលក្លែងខ្លួនជាប្រើសមាស មកទាក់ចិត្ដនាងសីតា។ អ្វីដែលយុវជនត្រូវពិចារណាឲ្យច្បាស់ គឺតួនាទីរបស់ខ្លួន មិនត្រូវបណ្តោយឲ្យពួកនេះ អប់រំឲ្យធ្លាក់រណ្តៅម្តងទៀតបានឡើយ៕
ខា បញ្ញា
ប្រិយមិត្តខ្ទមអុក
9/3/2017
បញ្ជាក់៖ នេះជាមតិយោបល់ផ្ទាល់ខ្លួនរបស់ម្ចាស់សំណេរ មិនឆ្លុះបញ្ចាំងពីជំហរ និងទស្សនៈទាំងស្រុងរបស់ខ្ទមអុកឡើយ។ ខ្ទមអុក ប្រកាន់គោលការណ៍ឯករាជ្យ អព្យាក្រឹត្យ និងនិយាយតែពាក្យពិត។
