នេះជាដំណើរនៃការបង្រួមអំណាចកាន់តែស្រួច ដើម្បីការពារបណ្តូលរបប ទប់នឹងការប្រឆាំងរបស់មហាជន ដែលតែងតែមានដំណើរស្រដៀងៗគ្នា បើយើងពិនិត្យមើលប្រវត្តិនយោបាយ និងទ្រឹស្តីនយោបាយនៃការឡើងចុះនៃរបបនីមួយៗ។ ពេលដែលដឹងថារបបអស់ការគាំទ្រ អ្នកនយោបាយតែងតែភ័យ ហើយខ្លាច ខ្លួនឯង និងចេញយុទ្ធសាស្ត្រខុសៗ ដាក់អន្ទាក់ខ្លួនឯង ដូចត្រីជាប់ជុច។ អ្នកអាន អ្នកមើល អ្នកអោយតម្លៃដល់អត្ថបទនេះ ប្រហែលជាអាចជួយផ្លាស់ប្តូរស្ថានការណ៍ ហើយរបបអាចវិលទៅរកដំណើរការធម្មតា និងអាចការពារវាសនាខ្លួនបានជោគជ័យ ហើយជាតិបានសុខទាំងអស់គ្នា។ ប្រសិនបើមិនដូច្នោះទេដំណើរនេះ ជាដំណើរខុស ព្រោះ៖
ទី១. រឹតមហាជន។ ដំបូង យល់ថាវៃមហាជន តែវៃមហាជន ដូចវៃសន្លឹកឆ្នោត។ ចេញពីការវៃមហាជន មកជាគំរាមមហាជនដោយសារសង្គ្រាមវិញ។ វៃមិនរាប បន្លាចអោយខ្លាចទៅវិញ។ តើការបន្លាចនេះ មានប្រសិទ្ធភាពទេ។ មានការស្រាវជ្រាវពីការយល់ឃើញរបស់មហាជនទេ ថាប៉ុន្មាននាក់ ភ័យខ្លាចដោយសារ តែពាក្យសង្គ្រាម។ ៧០% មនុស្សខ្មែរ ជាមនុស្សក្មេងយុវជន អាយុ៣០ឆ្នាំចុះក្រោម កើតសម័យ៨០ ក្រោយសង្គ្រាម។ សង្គ្រាមសម្រាប់ពួកគេ គ្រាន់តែជារឿងនិទានប៉ុណ្ណោះ។ ដូច្នេះការបន្ត និយាយសារនយោបាយពីសង្គ្រាម នឹងប្រឈមទៅនឹងការបាត់បង់មូលដ្ឋានគាំទ្រពីក្នុងចំនោមយុវជន ៧០%។ ទ្រឹស្តីជាច្រើន បានបង្ហាញថា យុវជនមិនខ្លាចសង្គ្រាមទេ មានតែមនុស្សចាស់ដែលឆ្លងចម្បាំងទេ ទើបខ្លាចចម្បាំង។ អ្នកនយោបាយឆ្លាត ឬមិនឆ្លាត ដែលសុខចិត្តចោលសំឡេងឆ្នោត៧០% ហើយទៅច្បាំងក្នុងសមរភូមិចាញ់។ សារនេះ ធ្វើអោយរាស្ត្របាត់ជំនឿលើរាជការយ៉ាងធ្ងន់ធ្ងរ។
ទី២. រឹតពួកឯកជន។ ដោះយករួចខ្លួន កុំអោយជាប់ជុច ក៏លាងកំហុសបំណុលរាស្ត្រទាំងឡាយទៅលើ វិស័យឯកជនមីក្រូហិរញ្ញវត្ថុ។ យល់ថាវៃពួកឯកជន ដើម្បីផ្គាប់ចិត្តរាស្ត្រ ជាពិសេសរាស្ត្រក្រីក្រ រាស្ត្រជាប់បំណុល។ អាចនៅមានក្បាលពួកឯកជនមួយចំនួនទៀត នឹងត្រូវលោកឧបរាជសុំខ្ចីកាត់យកទៅប្រើ ដើម្បីផ្គាប់ចិត្តរាស្ត្រ។ ប៉ុន្តែ តើដោះស្រាយបានទេ។ ឬរិតតែធ្វើអោយវិស័យឯកជនគេភ័យខ្លាច ហើយគេដកការ គាំទ្រចេញពីរបប ហើយសំឡឹងមើលជម្រើសរាជការថ្មី។ បើវៃពួកឯកជនខិលខូច ធ្វើនំអត់ម្សៅ កាប់ឈើ លក់គ្រឿងញៀនអីទៅ បានរាស្ត្រសារទរ ដល់ទៅវៃទទឹងទិសខុសសណ្ឋានបែបនេះ គឺធ្វើអោយឯកជន លែងទុកចិត្តរបប។ ប្រភពនៃអំណាចរបបទី២ ឈានទៅរកការបាត់បង់។ អស់ពួកឯកជន របបក៏ស្តើងលុយក្នុងការកសាងរាជការ។
ទី៣. រឹតពួករាជការខ្លួនឯង។ ដំណាក់កាលទី៣ បន្ទាប់ពីវៃវិស័យឯកជន គឺបន្តទៅរឹតបក្សពួកក្នុងរាជការ ធានាការគាំទ្ររបបនិងការដឹកនាំ។ បន្តឹងកម្លាំងក្នុងរាជការ អោយស្មោះស្ម័គ្រនឹងរបប តាមរយៈការតម្លើង ប្រាក់ខែ និងតួនាទី ដោយគិតថាបានលុយ បានតួនាទី កាន់តែស្មោះត្រង់។ តែបញ្ហា ប្រយោជន៍ចែកមិន ស្មើគ្នា។ លើសពីនេះ កុង្សីនគរណា ដូចនគរណា គឺអោយតែដូររាជការ ឬដូររបប ពួកគេក៏នាំគ្នាបត់ ១៨០ដឺគ្រេមកគាំទ្ររបបថ្មី។ ជាទូទៅពួកអ្នកនយោបាយ តែងតែក្អួតឈាម នឹងពាក្យសន្យារបស់ពួកកុង្សី។ បើបន្តរឹតកាន់តែខ្លាំង មន្ត្រីរាជការលួចដកជើងពីរាជការម្តងមួយៗ ហើយមូលដ្ឋាន អំណាចមួយទៀតនឹងរលំ។ ការរឹតនេះ គឺរឹតតាំងពីមន្ត្រីមូលដ្ឋានខ្លួនឯង ហើយបើចេញសារថា ធ្លាក់ពីតំណែងមូលដ្ឋាន ក៏នៅមានកន្លែងចាំទទួល មានបៀវត្សន៍ មានកន្លែងដេកស៊ីផឹកដែរនោះ តើម្នាក់ៗចាំបាច់ប្រឹងធ្វើអីទៀត។ សម្រាក់ទៅយកតំណែង តួនាទី និងលាភសក្ការៈទៅ មិនល្អជាង។
ទី៤. រឹតកងទ័ព។ ដំណាក់កាលចុងក្រោយ ធ្វើវិសុទ្ធកម្មក្នុងកងទ័ព ដើម្បីរកកូនទាហានណាស្មោះត្រង់ ហើយកូនទាហានណាដែលមិនស្មោះត្រង់។ បែងចែកកម្លាំង កំណត់សម្គាល់មនុស្ស។ ដំណាក់កាលនេះ គឺដើម្បីអនុវត្តផែនការចុងក្រោយ ថាកម្លាំងប្រដាប់អាវុធណា ហ៊ានឈជួរមុខការពាររបប ទប់នឹងកម្លាំងមហាជន។ ប៉ុន្តែជាទូទៅ របបមួយៗក្នុងពិភពលោក ជាពិសេសក្នុងស្ថានភាពនយោបាយកម្ពុជា គឺភាគច្រើនមានតែក្រុមឧត្តមសេនីយ៍ទេ ដែលស្មោះត្រង់នឹងមេដឹកនាំរបប ចំនែកជាទូទៅកូនទាហាន មិនជាប់ជំពាក់នឹងរបបទេ។ គេនៅចាំបានថា កាលពីបោះឆ្នោត២០១៣ ង៧០ អត់លិឍមួយបន្ទាយ។ ក្នុងករណីចុះថ្នល់ មិនដែលមានសាច់ញាតិក្រុមឧត្តមសេនីយ៍ចុះថ្នល់ធ្វើបាតុកម្ម ប្រឆាំងរបបទេ ដូច្នេះមេទាហានអាចបញ្ជាអោយកម្ទេច់មហាជនបាន ព្រោះគ្មានសាច់ញាត់ខ្លួនឯង ប៉ុន្តែថាតើកូនទាហានអនុវត្តបញ្ជាទេ។ ព្រោះក្នុងហ្វូងមហាជនជាទូទៅសុទ្ធតែជាកម្មករកសិករដែលជាឪពុកម្តាយរបស់នាយទាហាន។ តើដាច់ចិត្តទេ។ មកដល់ដំណាក់កាលនេះហើយ ដែលរបបមួយៗ លែងអាចឈ ជើងនឹង បាត់ប្រភពអំណាច។ បើនៅតែបង្ខំ បាត់ភាពស្របច្បាប់នៃរបប។ សរុបទៅកាលៈទេសៈរបបរបៀបនេះ គឺដូចពស់អត់ក្បាលអត់កន្ទុយ គឺគ្រាន់តែសាច់មួយដុំនៅលើជ្រុញ រងចាំតែរាស្ត្រកាប់ជញ្ជាំ។ ដំណាក់កាលនេះ ហាក់ដូជាកំពុងតែអនុវត្តរួចហើយក្នុងជួរទ័ព។
ត្រីកាន់តែរើ ជុចកាន់តែរឹត កាន់តែចង្អៀត មូលដ្ឋានអំណាច កាន់តែខ្សោយ រួមតូច។ ទាំងនេះ គឺជាដំណើរវិវត្តន៍ ដែលគេតែងតែសង្កេតឃើញកើតមានឡើងក្នុងរបបណាមួយ ដែលឈានទៅរកការរលំរលាយមូលដ្ឋានអំណាច។ ដោយការភ័យខ្លាច និងការតក់ស្លុតនយោបាយ ហេតុនេះទើបមេដឹកនាំអនុវត្តនយោបាយបង្រួមអំណាចកាន់តែស្រួច ដើម្បីធានាប្រភពអំណាច ប៉ុន្តែជាទ្រឹស្តី គេសង្កេតឃើញថា វាជាកាំបិតមុខពីរ ដែលមានន័យថា ត្រីបុកកាន់តែខ្លាំង ជុចរឹតខ្លួនរាជការកាន់តែតឹង ហើយឈានទៅរកបាត់លំនឹងមូលដ្ឋានអំណាចពីខាងក្នុងរាជការទៅវិញ។ ស្ថានភាពនេះ គឺកុំបង្ខំជុច កុំរើ ហើយរកគេជួយ។ ប្រើវិធីពង្រីកអំណាច តែមិនមែនបង្រួមអំណាច ពីព្រោះអ្វីដែលកំពុងធ្វើពេលបច្ចុប្បន្ន គឺជាគោលដៅចង្អៀត ផ្លូវតូច ខុសទាំងយុទ្ធសាស្ត្រ ហើយខុសទាំងវិធីសាស្ត្រ។ ដូរពីគោលដៅចង្អៀត ទៅគោលដៅធំ។ ដូរពីផ្លូវតូច ទៅមាគ៌ាធំ។ កែយុទ្ធសាស្ត្រ កែវិធីសាស្ត្រ អោយស្របនឹងគោលដៅធំ មាគ៌ាធំ បើមិនដូច្នោះទេ គឺដូចត្រីក្នុងជុច។ លទ្ធផលអាណោចអធ័ម។ ទាំងនេះគ្រាន់តែជាទ្រឹស្តីនយោបាយ សម្រាប់បងប្អូនសង្កេតមើលជីវិតរាជការនិងរបបនយោបាយជាទូទៅក្នុងពិភពលោក តែប៉ុណ្ណោះ។
សូរ សមយុទ្ធ
កំពង់ឆ្នាំង 2/3/2017
