Saturday, May 27, 2017

ជញ្ជីងចិត្ត

សង្គ្រាមចិត្តសាស្ត្រ ពេញនិយម ទាំងក្នុងសង្គ្រាម ក្នុងជំនួញ ក្នុងនយោបាយ និងជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ និយមន័យ គឺ សកម្មភាពផ្លូវចិត្ត ដើម្បីបំផ្លាញប្រព័ន្ធតំលៃ, ប្រព័ន្ធជំនឿ, មនោសញ្ចេតនា, ហេតុផល, និងឥរិយាបថ របស់មនុស្សមួយក្រុម អោយធ្វើសកម្មភាព និងគិត ទៅតាមការចង់បានរបស់អ្នកបង្កើតសង្គ្រាមចិត្តសាស្ត្រ។ លើសពីនេះ អ្នកនយោបាយដែលធ្លាប់ធ្វើសង្គ្រាម រិតតែចូលចិត្តធ្វើសង្គ្រាមនេះ។ អ្វីទៅជាសង្គ្រាមចិត្តសាស្ត្រ (Psychological War: Fear Factors)។
សង្គ្រាមចិត្តសាស្ត្រមាន ៩វិធី៖ A/ បំផ្លាញសីលធម៌សត្រូវ - (ក) ចែកខិត្តិប័ណ្ណ ឬបាចពត៌មាន ដើម្បីអោយអ្នកអានធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ចុះចាញ់ ឬដើរចោលតួនាទី, (ខ) ប្រើប្រាស់កម្លាំងទ័ពច្រើន ឬបង្ហាញសព្វាវុធ ដើម្បីវៃបំបាក់ទឹកចិត្តប្រយុទ្ធ និងឆន្ទះរបស់សត្រូវ តាមរយៈការធ្វើសមយុទ្ធដឹកទ័ពតាមផ្លូវទឹក ផ្លូវគោក ហោះកន្ទំរុយលើអាកាសជាដើម, (គ) ប្រើឧបករណ៍បំពងសំឡេង ប្រើសារដដែលៗ និងសំឡេងលឺខ្លាំងៗ រាល់ថ្ងៃរាល់យប់ ទៅលើបន្ទាយសត្រូវ ឬតំបន់សត្រូវកាន់កាប់; B/ ការឃោសនាតាមវិទ្យុ ដោយផ្សាយសារដដែល នៅលើទឹកដី ឬភូមិសាស្ត្រសត្រូវ ដើម្បីអោយទាហាន និងប្រជាជន ក្នុងដែនដីសត្រូវ ក្នុងគោលដៅអោយលះបង់ការតស៊ូ និងភាពមិនចាំបាច់ នៃការបន្តប្រយុទ្ធ ឧទាហរណ៍ សារសន្តិភាព; C/ ផ្លាស់ប្តូរឈ្មោះតំបន់ ទីក្រុង ភូមិ នៅពេលវៃយកបាន ឧទាហរណ៍ការផ្លាស់ប្តូរឈ្មោះទីក្រុង សាយហ្គន់ ទៅជាទីក្រុង ហូ ជីម៉ិញ ក្នុងសង្គ្រាមវៀតណាម; D/ ប្រើប្រាស់ទង់របស់សត្រូវ ឬបន្លំខ្លួនជាគ្នារបស់សត្រូវ ដើម្បីឆ្លងកាត់ ឬរស់នៅក្នុងបន្ទាយសត្រូវ ដើម្បីយកការណ៍ និងបំផ្លាញសត្រូវពីខាងក្នុង; E/ ប្រើប្រាស់ឧបករណ៍បំពងសំឡេង ដែលមានសំឡេងលឺខ្លាំង ដើម្បីទាក់ទងជាមួយសត្រូវ ដើម្បីបំបែកលំហូរពត៌មានរបស់សត្រូវ។ F/ ការបង្ករសង្គ្រាម ឬបង្កើតភេរវកម្ម; G/ ការគំរាមកំហែងប្រើអាវុធគីមី ឬអាវុធនុយក្លេអ៊ែរ។
ការអនុវត្តសង្គ្រាមចិត្តសាស្ត្រ គឺធ្វើឡើង ៣កម្រិត៖ កម្រិត១ ហៅថា ការឃោសនាពណ៌ “ស” ៖ បញ្ចេញពត៌មានពិត ហើយលំអៀងតិចតួច លើសពីនេះ បញ្ជាក់ប្រាប់ពីប្រភពពត៌មានច្បាស់លាស់។ កម្រិត២ ហៅថា ការឃោសនាពណ៌ “ប្រផេះ” ៖ បញ្ចេញពត៌មានពិតទាំងអស់ ហើយមិនមានពត៌មានត្រង់ចំណុចណាមួយមានចំណុចខ្សោយ ដោយអាចរកឃើញ ឬបញ្ជាក់បានថា មិនពិតនោះឡើយ ប៉ុន្តែប្រភពពត៌មានត្រូវបានលាក់កំបាំងយ៉ាងជិត។ កម្រិត៣ ហៅថា ការឃោសនាពណ៌ “ខ្មៅ” ៖ ពត៌មានត្រូវបានបន្លំ និងបង្កើតឡើងទាំងស្រុង ហើយគ្មានប្រភពពត៌មាន ហើយក៏ប្រភពពត៌មានមិនត្រូវបានបង្ហាញអោយដឹងឡើយ។
ចំពោះវិធីសាស្ត្រអនុវត្តកម្រិត២ និងកម្រិត៣ អាចនឹងត្រូវបានប្រជាជនដឹងថាជាការឃោសនា ហើយទាត់ចោលពត៌មាន និងប្រភបនៃពត៌មាន។ យ៉ាងណាក៏ដោយ កម្រិតនៃការជឿជាក់ វាពឹងផ្អែកលើលក្ខខណ្ឌមួយ នោះគឺ ការលួងលោមចិត្ត ឬការអន្ទងចិត្តអោយជឿជាក់បាន។ ដូច្នេះមុនពេលអ្នកចង់អោយមនុស្ស ម្នាក់ ធ្វើអ្វីមួយដូចដែលអ្នកនិយាយ ដំបូងអ្នកត្រូវធ្វើអោយគេជឿនូវអ្វីដែលអ្នកនិយាយសិន។ បើពិនិត្យតាមទ្រឹស្តីសង្គ្រាមចិត្តសាស្ត្រ។ លោកឧបករាជ គាត់ចូលចិត្តប្រើកម្រិតទី៣ ជាច្រើនដង ជាច្រើនសារ ដែលធ្វើអោយប្រជាពលរដ្ឋដឹងពីល្បិច ហើយលែងទុកចិត្តពត៌មាន និងប្រភពពត៌មាន។ នៅសម័យហ្វេសបុកផង សង្គ្រាមចិត្តសាស្ត្រ លែងមានន័យ លើសពីនេះ ធ្វើអោយប្រជារាស្ត្រស្អប់ជនទាំងឡាយណាដែលគំរាមកំហែងគាត់ និងការបង្ករបង្កើតសង្គ្រាម។ លើសពីនេះ សង្គ្រាមចិត្តសាស្ត្រ អាចធ្វើអោយបែកបាក់ទឹកចិត្តរបស់រាស្ត្រក្នុងនគរ និងធ្វើអោយដំណើរកសាងរដ្ឋយឺតយូរ ពិបាកសម្រេចគោលដៅជាតិ។
ក្រៅពីការគំរាមសង្គ្រាម ចុងក្រោយគេឃើញមានការបំភ័យបើលោកឧបរាជចាញ់ នោះនឹងមានជនអន្តោប្រវេសន៍ឡើងកាន់អំណាច។ ប្រើប្រាស់ការចង់បានរបស់រាស្ត្រ ទៅជាការបំភ័យទឹកចិត្តរាស្ត្រ។ យកសង្គ្រាម បន្លាចសន្តិភាព។ យកជនអន្តោប្រវេសន៍ បំភ័យម្ចាស់ស្រុក។ នៅមានកត្តាភ័យខ្លាចជាច្រើន (Fear Factors) ដែលលោកឧបរាជអាចនឹងអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែវិធីទប់ គឺមាន។ ទៅថ្ងៃក្រោយ ប្រសិនបើ នគរខ្មែរកើតបដិវត្តន៍ពណ៌មែននោះ គឺអ្នកនយោបាយដែលបង្កើតសង្គ្រាមចិត្តសាស្ត្រ លាបពណ៌គ្នានឹងហើយ ដែលត្រូវទទួលខុសត្រូវមុនគេ ចំពោះមុខប្រវត្តិសាស្ត្រជាតិ។

សូរ សមយុទ្ធ
កំពង់ឆ្នាំង 6/3/2017